FIFA ប្រកាសអញ្ជើញក្មេងៗទាំង១២នាក់ និងគ្រូបង្វឹក ដែលជាប់នៅក្នុងរូងភ្នំ ទៅទស្សនាការប្រកួតបាល់ទាត់ពិភពលោក World Cup វគ្គផ្តាច់ព្រ័ត្រ ប្រសិនបើក្មេងៗទាំងនោះចេញពីរូងភ្នំទាន់ពេល....
-

ករណីក្មេងៗក្រុមបាល់ទាត់ទាំង១២នាក់ និងគ្រូបង្វឹកម្នាក់ជាប់នៅក្នុងរូងភ្នំ Tham Luang ខេត្តឈៀងរ៉ៃ ប្រទេសថៃ នៅតែជាប្រធានបទក្តៅ ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សារព័ត៌មានថៃ និងសារព័ត៌មានបរទេសជាច្រើន។ មកទល់នឹងពេលនេះ ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកនៅមិនទាន់ចេញក្រៅពីរូងភ្នំនៅឡើយទេ ហើយព្រឹកមិញនេះសារព័ត៌មាននៅថៃក៏បានប្រកាសថា អតីតទាហានមុជទឹកម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែខ្វះខ្យល់អុកស៊ីសែន ពេលបំពេញបេសកម្មយកបំពង់ខ្យល់អុកស៊ីសែនទៅឲ្យក្មេងៗ ដែលជាប់នៅក្នុងរូងភ្នំ។ ថ្មីៗនេះដែរ សហព័ន្ធបាល់ទាត់ពិភពលោក​ FIFA បានប្រកាសអញ្ជើញក្មេងៗទាំង១២នាក់ និងគ្រូបង្វឹក ដែលជាប់នៅក្នុងរូងភ្នំ ដើម្បីទៅទស្សនាការប្រកួតបាល់ទាត់ពិភពលោក World Cup វគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Moscow ប្រទេសរុស្ស៊ី ប្រសិនបើពួកគេទាំង១៣នាក់ចេញពីរូងភ្នំនោះទាន់ពេល។ យោងតាមតារាងការប្រកួត World Cup បានឲ្យដឹងថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា នៅឯកីឡាដ្ឋាន Luzhniki ម៉ោង០៦ល្ងាច (ម៉ោងក្នុងតំបន់) ត្រូវនឹងម៉ោង១០យប់នៅកម្ពុជា។ មហាជនជាច្រើនសង្ឃឹមថា ក្មេងទាំងអស់នោះមានចេញពីរូងភ្នំមកក្រៅជួបជុំឪពុកម្តាយសាច់ញាតិបងប្អូនឆាប់ៗ ហើយអាចទៅមើលការប្រកួតបាត់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្របាន៕

ប្រភព៖ bangkokpost