ឈៀងរ៉ៃ ៖ ប្រជាជនទូទាំងប្រទេសថៃមានការព្រួយបារម្ភអំពីក្រុមក្មេងៗ និងគ្រូបង្វឹកទាំង13នាក់ដែលពេលនេះពួកគេនៅមិនទាន់អាចចាកចេញពីរូងភ្នំថាំហ្លួងនោះនៅឡើយ ។ ចាប់តាំងពីថ្ងៃទី23 ខែមិថុនា មកពួកគេត្រូវបានជាប់គាំងនៅក្នុងរូងភ្នំធំមួយ នៅភាគខាងជើងឈាងរ៉ៃ ដែលមានក្មេងប្រុស 12 នាក់ និងគ្រូបង្វឹកបាល់ទាត់វ័យ 25 ឆ្នាំរបស់ពួកគេម្នាក់ ។ ប៉ុន្តែកាលពីយប់មិញនេះ វាជាលើកដំបូងដែលពួកគេបានសរសេរសំបុត្រដោយដៃផ្ទាល់ផ្ញើសារទៅកាន់ក្រុមគ្រួសារ និង មនុស្សជាទីស្រលាញ់របស់ពួកគេអំពី ស្ថានភាព ការព្រួយបារម្ភ និងសេចក្តីស្រលាញ់នឹករលឹករបស់ពួកគេ ។ ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងទាំង១២នាក់ដែលមានឈ្មោះហៅក្រៅថា «Mik» បានសរសេរសំបុត្រដោយដៃផ្ទាល់ផ្ញើតាមរយៈកងនាវាជើងទឹកថៃទៅកាន់ក្រុមគ្រួសាររបស់គេថា «កុំបារម្ភអី ! ខ្ញុំនឹកអ្នកទាំងអស់គ្នា លោកតា លោកប៉ា អ្នកម៉ាក បងស្រី និងមនុស្សគ្រប់គ្នា ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា ខ្ញុំកំពុងធ្វើបានល្អនៅទីនេះ បងប្រុសដែលមកពី SEALs កំពុងថែរក្សាខ្ញុំយ៉ាងល្អ» ។ អ្នកខ្លះទៀតបានសរសេរថា «ខ្ញុំសុខសប្បាយទេ ! ពេលនេះវាមានភាពកក់ក្តៅបន្តិចហើយនៅទីនេះ ប៉ុន្តែកុំបារម្ភអំពីខ្ញុំ កុំភ្លេចពិធីខួបកំណើតរបស់ខ្ញុំណា !» ។ លោក Ekapol Chanthawong គ្រូបង្វឹកបាល់ទាត់របស់ក្មេងទាំង១២នាក់ក៏បានសរសេរសំបុត្រសុំទោសទៅកាន់ឪពុកម្ដាយក្មេងប្រុសទាំងនោះផងដែរដោយសន្យាថា នឹងយកចិត្តទុកដាក់ចំពោះពួកគេ និងសុំទោសចំពោះការនាំពួកគេចូលមកក្នុងរូងភ្នំនេះ ដោយលោកបានសរសេររៀបរាប់ថា «កុមារទាំងអស់កំពុងធ្វើបានល្អ ពួកគេត្រូវបានយកចិត្តទុកដាក់ពីក្រុមជួយ សង្គ្រោះ ខ្ញុំសន្យាថា ខ្ញុំនឹងថែរក្សាពួកគេឱ្យអស់ពីសមត្ថភាព ។ សូមអរគុណចំពោះអ្នកទាំងអស់ ហើយសូមទទួលយកការសុំទោសរបស់ខ្ញុំផង» ។ មិនខុសពីក្រុមក្មេងៗទាំង១២នាក់ គ្រូបង្វឹកដែលជាប់ក្នុងរូងភ្នំជាមួយគ្នាក៏មានសារមួយផ្ញើទៅក្រុមគ្រួសាររបស់គាត់ផងដែរ ដោយគាត់បានសរសេរថា «ជូនចំពោះអ្នកមីង និងលោកយាយ ជាទីស្រលាញ់ ! ពេលនេះខ្ញុំធ្វើមិនអីទេ សូមកុំបារម្ភពីខ្ញុំច្រើនពេក សូមថែរក្សាខ្លួនផង ។ អ្នកមីងហា ! តើអ្នកមីងអាចជួយប្រាប់លោកយាយជួយរៀបចំបន្លែ ទឹកក្រូច និងសាច់ជ្រូក ទុកឱ្យខ្ញុំផងបានទេ? ខ្ញុំនឹងញ៉ាំវា ពេលខ្ញុំចេញពីទីនេះ ។ ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា !» ៕
ប្រភពៈ kohsantepheapdaily