ចែករំលែកគ្នាដឹងពីមូលហេតុ និងរោគសញ្ញា ដែលបណ្តាលឱ្យកើតមានជំងឺមេរោគក្នុងក្រពះ
ណារ៉ា
-
មនុស្សជាច្រើនតែងតែយល់ច្រលំអំពីការឈឺក្រពះធម្មតា និងជំងឺមេរោគក្នុងក្រពះ។ ពេលខ្លះអ្នកមានមេរោគក្នុងក្រពះ តែអ្នកបែរជាគិតថាគ្រាន់តែជាជំងឺក្រពះ ដោយសារមិនទទួលទានអាហារមិនទៀងពេលទៅវិញ។ ដោយការកើតមេរោគក្នុងក្រពះ អ្នកមិនអាចលេបថ្នាំក្រពះធម្មតាជាសះស្បើយបានឡើយ ហើយអាការនេះនឹងនៅតែបន្តការឈឺចុកចាប់រហូតខ្លាំងឡើងៗ ប្រសិនជាគ្មានការព្យាបាលឱ្យបានត្រឹមត្រូវនោះទេ ហើយអាចប្រឈមមុខនឹងហានិភ័យនៃជំងឺធ្លាយ/ដំបៅក្រពះ-ពោះវៀន និងជំងឺមហារីកបានថែមទៀតផង។  
មេរោគក្នុងក្រពះដែលភាសាបច្ចេកទេសពេទ្យមានឈ្មោះថា H. Pylori (Helicobacter pylori) នោះគឺជាអ្វីមូលហេតុអ្វីដែលបណ្តាលឱ្យអ្នកកើតមានជំងឺមួយនេះតើមានរោគសញ្ញាចម្បងអ្វីខ្លះ?  
ក. មេរោគក្នុងក្រពះ H.Pylori ជាអ្វី? មេរោគក្រពះជាមេរោគដែលរស់នៅជាមួយមនុស្សយើងរាប់ពាន់ឆ្នាំមកហើយ ដោយមេរោគនេះមាននៅគ្រប់ទិសទី ហើយធ្វើការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈទឹកមាត់ ការទទួលទានចំណីអាហាររួមគ្នា ជាពិសេសអាចឆ្លងតាមរយៈលាមកបានផងដែរ។ ដោយភាគច្រើននៃការឆ្លងជំងឺ បណ្តាលមកពីមិនបានរក្សាអនាម័យខ្លួនប្រាណ និងទទួលទានអាហារមិនស្អាតដូចជា៖  
– មិនបានធ្វើការលាងសម្អាតដៃមុនចាប់កាន់ចំណីអាហារ – ប៉ះពាល់តាមរយៈការប្រើសំភារៈបង្គន់ដែលមានមេរោគ និងមិនបានសម្អាតដៃនឹងសាប៊ូឱ្យបានត្រឹមត្រូវ – ទទួលទានចំណីអាហារកខ្វក់ដែលជាប់មេរោគ – ផឹកទឹកមិនស្អាត ឬទឹកដែលមិនបានដាំពុះក្នុងសីតុណ្ហភាពដែលមានសុវត្ថិភាព  
តាមរយៈចំនុចខាងលើអ្នកនឹងអាចឆ្លងមេរោគក្រពះបានយ៉ាងងាយ ដែលមេរោគនេះនឹងចូលទៅក្នុងរាងកាយរបស់អ្នក ជ្រាបចូលទៅក្នុងក្រពះហើយបង្កឱ្យអាស៊ីតក្នុងកោសិកាក្រពះអសកម្ម និងធ្វើឱ្យរលាកកោសិកាភ្នាសក្រពះ។ នៅពេលដែលអ្នកទុកអាការជំងឺនេះកាន់តែយូរទៅដោយមិនធ្វើការព្យាបាលនោះទេ វានឹងបណ្តាលឱ្យមានការវិវឌ្ឍន៍ទៅជាជំងឺដំបៅក្រពះ និងមហារីកក្រពះបានផងដែរ។  
ខ. រោគសញ្ញានៃការកើតជំងឺមេរោគក្នុងក្រពះ៖ មានតែវេជ្ជបណ្ឌិតជំនាញតែប៉ុណ្ណោះ ដែលអាចបូមឈាមរបស់អ្នកហើយពិនិត្យរកឃើញថា អ្នកមានមេរោគក្នុងក្រពះឬក៏អត់ ព្រោះតែមេរោគក្នុងក្រពះមានរោគសញ្ញាមិនសូវច្បាស់លាស់ប៉ុន្មាននោះទេ ហើយរាងកាយរបស់មនុស្សមួយចំនួនថែមទាំងអាចអត់ធន់នឹងមេរោគនេះបានផងដែរ ដែលនេះជាហេតុធ្វើឱ្យអ្នកមានការភាន់ច្រលំពីមេរោគក្រពះ ជាជំងឺក្រពះធម្មតា ។  
ប៉ុន្តែអ្នកក៏អាចសម្គាល់នៃរោគសញ្ញាមេរោគក្នុងក្រពះបានផងដែរ ប្រសិនជាអ្នកមានការសង្ស័យ មុននឹងពិគ្រោះជាមួយវេជ្ជបណ្ឌិត។ ដោយរោគសញ្ញាដែលអាចបញ្ជាក់ថាអ្នកមានមេរោគក្នុងក្រពះរួមមាន ៖ – ឈឺចុកចាប់នៅក្នុងពោះ – ការឈឺចាប់នៅត្រង់បរិវេណពោះរឹតតែអាក្រក់ឡើង នៅពេលដែលអ្នកមិនទាន់បានទទួលទានអាហារចូលទៅក្នុងពោះ – មានអារម្មណ៍ថាចង់ក្អួតចង្អោរ ឬក្អួតចង្អោរតែម្តង (ពេលខ្លះក្អួតចេញឈាម) – បាត់បង់ចំណង់អាហារ (មានអារម្មណ៍ថាមិនស្រួលក្នុងពោះ ឬក្រពះដោយមិនចង់ទទួលទានអ្វីទាំងអស់)  
– មានអាការហើមពោះ – ចុក ឬឆ្អល់ចុងដង្ហើម (ក្នុងករណីខ្លះអាចឈឺត្រង់ឆ្អឹងជំនី) – ឧស្សាហ៍រាគរូស និងមានលាមកពណ៌ខុសពីធម្មតា – អស់កម្លាំង ល្ហិតល្ហៃ – ខ្យល់ដង្ហើមមិនល្អ (ក្លិនមាត់) – ស្រកទម្ងន់ខុសពីធម្មតា និងរោគសញ្ញាដទៃផ្សេងៗជាច្រើនទៀត។  
សម្រួលអត្ថបទដោយ៖ SP