កណ្តាល ៖ រឿងរ៉ាវ ប្រព្រឹត្តអំពើហឹង្សារមួយកើតឡើងរវាងអ្នកភូមិរស់នៅជាមួយគ្នា បណ្តាលឲ្យភាគីរងគ្រោះរងរបួសភ្នែកឆ្វេងធ្ងន់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពាមស្តី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយពីជនរងគ្រោះទៅប្តឹងនៅប៉ុស្តិ៍រដ្ឋបាល ព្រែកឫស្សី ត្រូវបានលោក នាយប៉ុស្តិ៍សម្របសម្រួល ដោយគ្មានវត្តមានភាគីបង្ក ហើយចំណាត់ការយ៉ាងណាក្នុងរឿងបឹង្សាខាងលើ អស់រយៈពេល៤ថ្ងៃទៅហើយ រហូតមកដល់រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ គ្មានទាល់តែសោះ ត្រូវបានមហាជន លើកឡើងថា លោកមេប៉ុស្តិ៍ផ្អឹបសំណុំរឿងចោល ដោយសារជនបង្ក សង្ស័យជាសាច់ញាតិរបស់លោក ។ តាមប្រជាពលរដ្ឋបានឲ្យដឹងថា ជនបង្កក្នុងរឿងខាងលើ មានឈ្មោះ ណាក់ ភេទប្រុស អាយុជាង៣០ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ។ ចំណែកជនរងគ្រោះ ឈ្មោះ ហេង ភា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំខាងលើ រងរបួស ភ្នែកខាងឆ្វេងយ៉ាងដំណំ ។ តាមជនរងគ្រោះ បានឲ្យដឹងថា ខ្លួនមិនបានដឹងថា ជនបង្ក មានគំនុំជាមួយខ្លួនតាំងពីពេលណាមកទេ លុះមកដល់យប់ថ្ងៃកើតហេតុ នៅសុខៗ ជនដៃដល់វាយ ដាល់ទៅលើផ្ទៃមុខ តែម្តងបណ្តាលឲ្យរងរបួសធ្ងន់ ហើយជនបង្កជេរប្រមាថ គម្រាម «អញគុំហ្អែងយូរហើយ » ក្រោយកើតហេតុ ក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យទាំងយប់ លុះដល់ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកឫស្សី ដើម្បីយុត្តិមួយសម្រាប់ជនរងគ្រោះ តែត្រូវបាន លោក ជឿន សេង ជានាយប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី ចេញមុខមកសម្របសម្រួលជាមួយភាគីរងគ្រោះ ទាំងពុំមានវត្តមានភាគីជនល្មើស ឬ រកដំណោះស្រាយណាមួយ ដើម្បីយុត្តិ សម្រាប់ភាគីរងគ្រោះ អស់រយៈពេល៤ថ្ងៃទៅហើយ រហូតមកដល់រសៀល ថ្ងៃទី១៨ ខែកក្កដានេះ ការរន្ទឹងរងចាំ ចំណាត់ការ ដំណោះស្រាយ របស់នគរបាលយុត្តិធម៌ ព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល របស់ជនរងគ្រោះ ស្ងាត់សូន្យឈឹង ហាក់បីដូចជាគ្មានបទល្មើសអ្វីកើតឡើងក្នុង ឃុំព្រែកឫស្សី អិញ្ចឹង ទោះជា ភាគីខាងជនរងគ្រោះ ក្រោយពីដាក់បណ្តឹងរួចហើយ ទៅសាកសួរ ត្រូវបាន លោក ជឿន សេង មេប៉ុស្តិ៍រដ្ឋបាល ឆ្លើយថា ម្តងរវល់នេះ ម្តងរវល់នោះ យកលេស ពង្វាងរហូត ដោយផ្អឹបសំណុំរឿងចោល ត្រូវបានប្រជាពលរដ្ឋ អ្នកភូមិរឹះគន់ លើសមត្ថកិច្ច មូលដ្ឋាន ជាម៉ែ ឪ ពលរដ្ឋខំទុកចិត្ត ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ សន្តិសុខ សុវត្តិភាព យុត្តិធម៌ ប្រជាពលរដ្ឋ ក្នុងភូមិ ឃុំ បែជាលោកមេប៉ុស្តិ៍រូបនេះ ធ្វើព្យុះភ្លៀង ក្នុងមូលដ្ឋានស្រេចតែចិត្តទៅវិញ តើឲ្យពលរដ្ឋរំពឹងអី ? ។ ករណីខាងលើ ត្រូវបានអ្នកយកពត៌មានព្យាយាម សាកសួរទៅលោក នាយប៉ុស្តិ៍ព្រែកឫស្សី តាមរយៈទូរស័ព្ទ របស់លោក ជឿន សេង នៅរសៀលថ្ងៃទី១៨ ខែកក្កដា នេះ ទូរស័ព្ទចូលហើយ តែគ្មានអ្នកលើក ៕
ដោយៈ ភារ៉ា