កម្លាំង​នគរបាលជាតិ សម្រេច​បិទ​អាជីវកម្ម ក្រុម​ហ៊ុន​ចិន​អត់ច្បាប់ដ៏ធំមួយ នៅខណ្ឌ​ដូនពេញ ដើម្បីបញ្ជៀសហានិភ័យប្រជាពលរដ្ឋ កុំឲ្យចាញ់បោកអស់លុយកាក់ ដោយមិនដឹងខ្លួន
-

ភ្នំពេញៈ កាលពីពេលថ្មីៗនេះ កម្លាំង​នគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេច​បិទ​អាជីវកម្ម ក្រុម​ហ៊ុន​ចិន​អត់ច្បាប់ដ៏ធំ​មួយ​ឈ្មោះ​ ឌីជីថល​ អ៊ិនធឺណេសិនណល​ អ៊ែសេត​ ត្រេឌីង​ សេនអឺ​ (BTKTrade Digital International Assets Trading Center)​ មាន​អាស័យដ្ឋាន​អគារ​លេខ​៤៨​ ផ្លូវ​លេខ​៨៤​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ។ ដើម្បីបញ្ជៀសហានិភ័យប្រជាពលរដ្ឋ ចាញ់បោកអស់លុយកាក់ដោយមិនដឹងខ្លួន។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅចុងសប្តាហ៍កន្លងទៅ ដោយមានសមាសភាព​ចូលរួម​ពី​ក្រុមការងារ​ធនាគារ​ជាតិ ​នៃ​កម្ពុជា​ គណៈកម្មការ​មូលបត្រ​កម្ពុជា​ និង​កម្លាំង​នគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការ​ធ្វើការ​ត្រួតពិនិត្យ​កិច្ចការ​ការងារ​រដ្ឋបាល​ ដោយ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​រួម ចុះ​ថ្ងៃ​ទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ រវាង​ធនាគារ​ជាតិ ​នៃ​កម្ពុជា​ គណៈកម្មការ​មូលបត្រ​កម្ពុជា​ និង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ស្តីពីការជួញដូរ លក់ដូរ និងគៀងគរប្រជាពលរដ្ឋដាក់ប្រាក់វិនិយោគដោយគ្មានច្បាប់អនុញ្ញាត។
ក្រុមការងារបានចុះពិនិត្យនៅទីតាំងល្មើសផ្ទាល់ ជួបតំណាង​ក្រុមហ៊ុន​ ឈ្មោះ​ Ding Nan (Anna) ភេទ​ស្រី​ ជនជាតិ​ចិន​ ជា​ប្រធាន​រដ្ឋបាល​ និង​ឈ្មោះ​ Liu Xu ភេទប្រុស​ ជនជាតិ​ចិន​ ជា​បុគ្គលិក​រដ្ឋបាល​ និង​ឈ្មោះ​ ហ៊ី​ សុង​ឆាយ​ ជនជាតិ​ខ្មែរ​ ជា​អ្នក​បកប្រែ​ខ្មែរ​ចិន និងបានពិនិត្យឃើញ កុំព្យូទ័រចំនួន២៩៨គ្រឿង ​ដែលជាឧបករណ៍ដើម្បីប្រព្រឹត្តអាជីវកម្ម។
លោក​ឧត្តមសេនីយ៍​ទោ​ មៀច​ ដេវីត​ បានបញ្ជាក់​ថា ប្រជាពលរដ្ឋដែលមក វិនិយោគតាមប្រព័ន្ធ blockchain នឹង កាសអេលិចត្រូនិក គឺវាមានហានិភ័យខ្ពស់ណាស់ ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋ មួយចំនួន មានការយល់ដឹងទៅលើបច្ចេកវិជ្ជាថ្មីនេះ នៅមានកម្រិត ហើយប្រជាពលរដ្ឋងាយទទួលការអូសទាញ ចាញ់បោកដោយសារក្រុមហ៊ុនប្រមូលលុយកាក់ ចុះបើថៅកែវិចលុយរបស់អ្នកវិនិយោគរត់បាត់ តើនាក់ណាទទួលខុសត្រូវ?​ ៕