ក្នុងនាមជាកូនខ្មែរម្នាក់ តើអ្នកនឹងនិយាយប្រាប់គេយ៉ាងដូចម្តេច ប្រសិនបើ​​គេសួរអ្នក អំពីដើមកំណើតរបស់ខ្មែរ?
-

តាមរយៈការសិក្សារបស់អ្នកបុរាណវិទ្យា គេរកឃើញថា នៅត្រង់ទឹកដីនៃប្រទេសកម្ពុជាបច្ចុប្បន្ន មានមនុស្សរស់នៅដើមដំបូង តាំងពីប្រមាណជា ៤២០០ឆ្នាំមុនគ.ស ពោលគឺ ប្រមាណជាជាង ៦ពាន់ឆ្នាំមុនសម័យកាលបច្ចុប្បន្ន។ ប្រជាជននៅតំបន់នេះបានចាប់ផ្តើមងាកចេញពីការរស់នៅបែបបុរេប្រវត្តិ មកចាប់ប្រកបរបរកសិកម្ម រួចហើយបន្តិចម្តងបានបង្កើតទៅជារដ្ឋមួយឡើង នៅអំឡុងសតវត្សរ៍ទី១គ.ស គឺ នរគោកធ្លក ( នគរវ្នំ​ ឬនគរភ្នំ ) ដែលក្នុងឯកសារចិនហៅក្លាយមកជា “ហ៊្វូណន”។

ដំណើររឿងនៃការកកើត នគរគោកធ្លក ឬហ៊្វូណន ត្រូវបានគេដំណាលជាលក្ខណៈរឿងព្រេង និងមានកត់ត្រាទុកក្នុងសិលាចារឹកនិងក្នុងឯកសារចិន។ តាមដំណើររឿងព្រេង នៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរ ការកកើតនៃនគរគោកធ្លក ចាប់ផ្តើមពីអាពាហ៍ពិពាហ៍ រវាងព្រះថោង ដែលជាក្សត្រមកពីឥណ្ឌា និងនាងនាគ ដែលជាម្ចាស់ស្រុក។ ក៏ប៉ុន្តែ នៅក្នុងសិលាចារឹកជាភាសាសំស្ក្រឹត គេបានរកឃើញនូវកំណត់ត្រាអំពីដំណើររឿង នៃអាពាហ៍ពិពាហ៍ រវាងម្ចាស់ស្រុក គឺព្រះនាងសោមា ជាមួយនឹងព្រាហ្មណ៍ម្នាក់ឈ្មោះ កោណ្ឌញ្ញ ដែលធ្វើដំណើរតាមទូក មកពីទិសខាងត្បូង (អាចមកពីកោះជ្វា ឬស៊ូម៉ាត្រា)។ ចំណែកឯកសារចិនវិញមានកត់ត្រា អំពីអាពាហ៍ពិពាហ៍រវាងព្រះបាទហ៊ុនទៀន និងព្រះនាងលីវយី។
អ្នកប្រាជ្ញខ្លះយល់ថា ដំណើររឿងទាំង៣ខាងលើនេះ គឺជារឿងតែមួយ គ្រាន់តែមានការកត់ត្រាឈ្មោះខុសៗគ្នា។ ក៏ប៉ុន្តែ អ្នកខ្លះទៀត យល់ថា រឿងនេះអាចជាដំណើររឿង ផ្សេងគ្នា ដែលកើតឡើងនៅក្នុងទឹកដីខ្មែរដូចគ្នា ប៉ុន្តែ ក្នុងកាលវេលាខុសគ្នា។ >> (អត្ថបទខាងលើដកស្រង់ចេញពី http://km.rfi.fr/rise-of-khmer-empire-in-southeast-asia ប្រសិនបើលោកអ្នកចង់ស្វែងយល់បន្ថែម សូមអានសៀវភៅ "Histoire du Cambodge" របស់លោក Adhémar Leclère (ជាភាសាបារាំង) ឬសៀវភៅ "A History of Cambodia" របស់លោក David Chandler (ជាភាសាអង់គ្លេស)។
ប្រភពៈ កូននាគ Konneak