ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រកាសលទ្ធផល នៃការប្រលងមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ឬហៅថា បាក់ឌុប សម័យប្រឡង៖ ២០ សីហា ២០១៨ ជាផ្លូវការហើយ ។ ក្រសួងបានអោយដឹងដែរថា បេក្ខជន និទ្ទេស A ២៩០នាក់, បេក្ខជន និទ្ទេស B ១,៥៣២នាក់, បេក្ខជន និទ្ទេស C ៤,៦៣១នាក់, បេក្ខជន និទ្ទេស D ១៣,៩៩៩នាក់ និងបេក្ខជននិទ្ទេស E ៥៤,៦០៧នាក់។ ក៏សូមចូលរួមអបអរសារទរដល់ប្អូនប្រុស ប៉េង គឹមហេង ជាសិស្សតែម្នាក់គត់ដែលទទួលបានពិន្ទុ១០០ពេញគ្រប់មុខវិជ្ជា ជាប់លំដាប់ថ្នាក់និទ្ទេស A ប្រចាំប្រទេសក្នុងឆ្នាំ២០១៨នេះ។ ប្អូនប្រុសមកពីវិទ្យាល័យ ប៊ែលធីអន្តរជាតិទី៧ ភ្នំពេញ និងមានលេខតុ ២៦២ ផងដែរ។ គួររំលឹកផងដែរថាកាលពីឆ្នាំ២០១៧កន្លងទៅនេះសិស្សសាលាប៊ែលធីម្នាក់ក៏ទទួលបានពិន្ទុលំដាប់ខ្ពស់ដូចគ្នាដែរ ប្អួនប្រុសម្នាក់នោះមានឈ្មោះថា៖ សរ គឺមស៊ា។ នេះគឺជាជោគជ័យដ៏អស្ចារ្យសម្រាប់ប្អូនៗ ក៏ដូចជាសាលាផងដែរ។ សម្រាប់បាក់ឌុបឆ្នាំ ២០១៨ រកឃើញអ្នកជាប់និទ្ទេសA ចំនួន ២៩០នាក់ ក្នុងនោះ៖ រាជធានីភ្នំពេញ ១៣៥នាក់, ខេត្តសៀមរាប ២១នាក់, កណ្តាល ១៦នាក់, បាត់ដំបង ១៥នាក់, តាកែវ ១៥នាក់, កំពង់ចាម ១៣នាក់, កំពត ១១នាក់, ត្បូងឃ្មុំ ៩នាក់, កំពង់ធំ ៩នាក់, កំពង់ឆ្នាំង ៩នាក់, បន្ទាយមានជ័យ ៩នាក់, ព្រៃវែង ៨នាក់, ក្រចេះ ៦នាក់, ពោធិ៍សាត់ ៤នាក់, ស្វាយរៀង ៣នាក់, កំពង់ស្ពឺ ៣នាក់, ព្រះសីហនុ ៣នាក់ និងរតនគិរី ១នាក់។


