អីយ៉ា!!! ក្រសួងអប់រំចេញមុខ ឆ្លើយតបវិញហើយ រឿងសញ្ញាបត្របាក់ឌុបចេញឈ្មោះអ្នកនេះ ដាក់រូបអ្នកនោះ និងទារលុយសិស្ស១០ដុល្លារនោះ ថាជារឿង….
-

ក្រសួងអប់រំយុវជននិងកីឡាបានប្រកាស ឲ្យបេក្ខជនដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ ទៅដកវិញ្ញាបនបត្របណ្ដោះអាសន្ន នៅតាមវិទ្យាល័យរៀងៗខ្លួន។ រហូតមកដល់ពេលនេះ ស្រាប់តែធ្លាយព័ត៌មានថា វិញ្ញាបនបត្របេក្ខជនមួយចំនួនចេញឈ្មោះ ផ្សេងដាក់រូបផ្សឹង ភេទស្រីចេញភេទប្រុស និងខ្លះទៀតមានតែហត្ថលេខាតែពុំមានបោះត្រា។

បន្ថែមលើពីនេះទៀតម្ចាស់គណនីហ្វេសប៊ុកម្នាក់មានឈ្មោះថា PovNatha អះអាងថា សញ្ញាបត្របណ្ដោះអាសន្ នរបស់ខ្លួនដាក់រូបអ្នកផ្សេង និងភេទប្រុសទៅវិញ ពេលដែលសុំឲ្យកែតម្រូវថែមទាំងតម្រូវ ឲ្យមានការបង់ប្រាក់ចំនួន១០ដុល្លារទៀតផង។

ពាក់ព័ន្ធនឹងបញ្ហានេះឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានប្រាប់ថា ចំពោះការដកវិញ្ញាបនបត្របណ្ដោះអាសន្ន ជាគោលការណ៍របស់ក្រសួង គឺពុំមានតម្រូវឲ្យសិស្សបង់ប្រាក់ឡើយ។ ចំពោះការសុំកែតម្រូវវិញ ក៏ពុំមានតម្រូវឲ្យបង់ប្រាក់ដូចគ្នា។ ចំពោះបញ្ហាខុសប្រក្រតី នៅលើវិញ្ញាបនបត្របណ្ដោះអាសន្ន ដូចជាករណីដាក់រូបខុសម្ចាស់ខុសភេទ ពុំមានបោះត្រាជាដើមនោះ គឺក្រុមការងារបច្ចេកទេសកំពុងត្រួតពិនិត្យទៅលើបញ្ហានេះហើយ ដើម្បីរកឲ្យឃើញថាពិតជាមានរឿងទាំងនេះកើតឡើងពិតមែនឬយ៉ាងណា?

អ្នកនាំពាក្យក្រសួងអប់រំបន្ថែមទៀតថា ចំពោះករណីសាលាណាដែលទារលុយពីសិស្ស ក្នុងករណីដូចរៀបរាប់ខាងលើនេះ គឺក្រសួងតម្រូវឲ្យបេក្ខជនដាក់ពាក្យបណ្ដឹង មកកាន់នាយកដ្ឋានរដ្ឋបាលនៃទីស្ដីការក្រសួងអប់រំ ដោយមានភ្ជាប់ជាមួយភស្តុតាងដើម្បីដាក់ទម្ងន់លើបញ្ហាដែលបានកើតឡើង និងបញ្ជាក់ឲ្យបានច្បាស់លាស់។ ចំពោះការសុំកែតម្រូវក្នុងករណីវិញ្ញាបនបត្រមានភាពមិនប្រក្រតីក៏បេក្ខជនអាចដាក់ពាក្យស្នើសុំមកកាន់នាយកដ្ឋានរដ្ឋបាលបានដូចគ្នា។

ឯកឧត្ដមរស់សុវាចាបញ្ជាក់ថា ពេលនេះនៅទីស្ដីការក្រសួងបានដាក់ស្លាកកំពុងជួសជុល តែចំពោះនាយកដ្ឋានរដ្ឋបាលគឺនៅបើកដំណើរការធម្មតា។ ចំពោះនីតិវិធីក្នុងការដោះស្រាយបែបណាបុគ្គលិកនៃនាយកដ្ឋានរដ្ឋបាល នឹងបញ្ជាក់ជូនដល់សិស្សានុសិស្សហើយ។ ដូច្នេះសូមកុំមានការព្រួយបារម្ភ។ សូមបញ្ជាក់ថា ទីស្នាក់ការក្រសួងអប់រំ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម ក្បែរវិទ្យាល័យចតុមុខ ៕