លោកយឹម សារ៉ាន់ ទោះបីឧកញ៉ា ឡុង ហួរ ព្រមសង់ជំងឺចិត្ត ដល់ជនរងគ្រោះវិញក៏ដោយ ក៏លោកបានបញ្ជូនសំណុំរឿងនេះទៅតុលាការដែរ..
-

ភ្នំពេញៈ កាលពីវេលាម៉ោង១០ៈ៣០នាទីយប់ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ បុរសជាបុគ្គលិកសន្តិសុខម្នាក់  បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលកាកាប១ សុំដាក់ពាក្យប្ដឹងឧកញ៉ា ឡុង ហួរ ដែលបានយកដងអំបោសវាយចំក្បាលរបស់គាត់ បណ្តាលឲ្យរងរបួសដេរ៥ថ្នេរ ហើយអង្គរក្សឧកញ៉ានោះ ក៏បានគំរាមយកកាំភ្លើងបាញ់សម្លាប់គាត់ថែមទៀត។

ករណីនេះដែលលោកឧកញ៉ា ឡុង ហួរ ថៅកែក្រុមហ៊ុនប្រេង LHR យកដងអំបោស វាយបុគ្គលិកសន្តិសុខឯកជន បែកក្បាល ដេរ៥ថ្នេរនោះ បានបញ្ចប់ត្រឹមសងលុយ ៧០០ដុល្លារ ដើម្បីបញ្ចប់រឿង រីឯជនរងគ្រោះជាសន្តិសុខ ក៏បានយល់ព្រមដកពាក្យបណ្ដឹង ដែលបានប្ដឹងលោកឧកញ៉ា ឡុង ហួរ វិញហើយ។ តែសូមសមត្ថកិច្ចកុំភ្លេចអានមាត្រា ៧៥ នៃ ក្រមនិតិវិធីព្រហ្មទណ្ឌ បើទោះបីដោះស្រាយចប់ហើយជនរងគ្រោះដកពាក្យបណ្ដឹងក៏នៅជាប់បណ្ដឹងអាជ្ញាដែរ។ ដូច្នេះសមត្ថកិច្ចត្រូវតែបញ្ជូនសំណុំរឿងទៅទៅព្រះរាជអាជ្ញាដើម្បីចាត់ការបន្ត។

ទាក់ទងករណីភាគីបង្កសងលុយ ៧០០ដុល្លារ និងភាគីជនរងគ្រោះដកពាក្យបណ្ដឹងវិញនេះ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យថា ទោះបីភាគីជនរងគ្រោះបានដកពាក្យបណ្ដឹងវិញក៏ដោយ ក៏លោកបានបញ្ជូនសំណុំរឿងនេះទៅតុលាការដែរ ៕