ស្រ្តីជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង បុកឡាំ​ប្រឺ​តា​ឥណ្ឌា បង្កឲ្យសិស្សសាលាចិន ទួន ហ្វា ចំនួន៦នាក់ រងរបួសធ្ងន់ស្រាល...
-

រាជធានី​ភ្នំពេញ ៖ សិស្សសាលា​ចិន ទួន ហ្វា ប្រុស​ស្រី​ដែល​មាន​អាយុ​ចាប់ពី​៦​ដល់​១០​ឆ្នាំ​ចំនួន​៦​នាក់​រង​របួសធ្ងន់ និង​ស្រាល ខណៈ​ដែល​ពួក​គេ​ជិះ​ឡាំ​ប្រឺ​តា​ (ម៉ូតូឥណ្ឌា) ​មួយ​គ្រឿង​ទៅ​រៀន​ ត្រូវ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក RANGE ROVER មួយ​គ្រឿង ​ដែល​បើកបរ​ដោយ​ស្ត្រីជន​ជាតិចិន​ម្នាក់ បើកមកបុក​យ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៥A ផ្លូវ​លេខ​៣១៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។


មុនពេល​កើតហេតុ​មាន​ឡាំ​ប្រឺ​តា​ឥណ្ឌា ពណ៌​លឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២GL-០១៤២ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ប៊ិ​ន ណា​រិ​ទ្ធ អាយុ​៣៣​ឆ្នាំ បាន​បើក​ឡាំ​ប្រឺ​តា​ឥណ្ឌា​របស់​គាត់​ដើរ​ដឹក​ក្មេង​ៗ​ប្រុស​ស្រី​ដែល​មាន​អាយុ​ចាប់ពី​៦​ឆ្នាំ​ដល់​១០​ឆ្នាំ ចំនួន​៦​នាក់ (​ប្រុស​៣ និង​ស្រី​៣​នាក់​) តាម​ផ្ទះ​ពី​ភូមិ​ឬ​ស្សី ដើម្បី​មក​កាន់​សាលា​ចិន ទួន ហ្វា ដែល​នៅ​ក្បែរ​នោះ ។


តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ឡាំ​ប្រឺ​តា​ឥណ្ឌា​ដឹក​សិស្ស​ខាងលើ​បើក​មក​ដល់​ចំណុច​ខាងលើ​ក៏​ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក RANGE ROVER ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២Q-២២២២ មួយ​គ្រឿង ដែល​បើកបរ​ដោយ​ស្ត្រីជន​ជាតិចិន​ម្នាក់​ឈ្មោះ ZHNANG YANZHE អាយុ​៤១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៨២ ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​មក​បុក​ចំ​ពីមុខ​បណ្តាល​ឡាំ​ប្រឺ​តា​ក្រឡាប់​ធ្លាក់​ក្មេង​ៗ​ទាំង​៦​នាក់​រង​របួសធ្ងន់ និង​ស្រាល​តែ​ម្តង ។


ករណី​គ្រោះ​ដ្នា​ក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​ដោយ​ភាគី​ខាង​រថយន្ត​ស៊េរី​ទំនើប​ម៉ាក RANGE ROVER ដែល​បើកបរ​ដោយ​ស្ត្រីជន​ជាតិចិន និង​ឡាំ​ប្រឺ​តា​ណ្ឌា​ដឹក​សិស្ស​ខាងលើ​បើកបរ​ដោយ​ខ្វះ​ការ​អធ្យាស្រ័យ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​ដែល​បើកបរ​មក​ដល់​ចំណុច​ផ្លូវ​ចង្អៀត​ដែល​មាន​រថយន្ត​ចត​នៅ​សងខាង​ហើយ​ខំប្រឹង​បើក​រុលទៅមុខ និង​បុក​គ្នា​បែប​នេះ ។


ក្រោយ​ពេល​កើតហេតុ​ក្រុម​ក្មេង​ៗ​សិស្សសាលា​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​រៀង​ៗ​ខ្លួន ហើយ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន​ធ្វើការ​វាស់វែង​រក​ខុស​ត្រូវ និង​យក​រថយន្ត RANGE ROVER បង្ក និង​ឡាំ​ប្រឺ​តា​ឥណ្ឌា​ដឹក​សិស្ស​រង​គ្រោះ​យក​ទៅ​រក្សា​ នៅស្នងអធិការដ្ឋានចរាចរណ៍ជើងគោក ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕ 


ដោយ៖ ភត្រ្តា