កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ មានករណីរថយន្តពីរគ្រឿង បុកគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៩ និង៤០ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បណ្តាលឲ្យ កម្មការិនីកាត់ដេរ ចំនួន៥៧នាក់ បានរងរបួស ធ្ងន់ ស្រាល ។
នៅក្នុងករណីគ្រោះថ្នាក់នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ឲ្យដឹងថា នៅមុនពេលកើតហេតុ ពេលមេឃកំពុងភ្លៀង មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍បៃតង ពាក់ស្លាកលេខ ភ្នំពេញ3B-4649 (មិនស្គាល់អត្តសញ្ញា) ជារថយន្តដឹក កម្មការិនីរោងចក្រ មកពីស្រុក ពញាឮ ខេត្តកណ្ដាល បានបើកបរក្នុងទិសដៅពីត្បូងទៅទិសជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែទៅបុករថយន្តមួយគ្រឿងម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-7910 សណ្តោងរឺម៉ក់ ពាក់ស្លាកលេខព្រះសីហនុ 4A-3483 បើកបរដោយឈ្មោះ ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ នៅខេត្តពោធិ៍សាត់ បណ្តាលឲ្យកម្មការិនីរោងចក្រចំនួន ៥៧ នាក់បានរងរបួស ធ្ងន់ ស្រាល ខណៈពេលនេះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣០នាក់ ហើយពេលនេះមានអ្នកទៅផ្ទះជាបណ្តើរៗហើយ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តធុនធំទាំង២គ្រឿង បានរត់គេចខ្លួនបាត់ទាំង២នាក់ បន្សល់តែរថយន្តនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចនាំមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំស្វាយ រងចាំធ្វើការដោះស្រាយតាមនីតិវិធី៕