ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ដរេចង្កូតឡើងសួនផ្លូវ ទៅបុកបង្គោលស្លាកប៉ាណូ បាក់មួយដើមនិងបណ្ដាលឲ្យក្រឡាប់ផ្ងារជើង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលស្ថិតបណ្ដោយផ្លុវ៥ ក្បែរមន្ទីពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ ក្នុងសង្កាត់គីឡូងម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

បើកតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាមនុពេលកើតហេតុគេឃើញរថយន្ដFordRange មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-9196 បើកដោយបុរសម្នាក់សង្ស័យស្រវឹងស្រា ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណះពេលមកដល់និងចំណុចកើតហេតុបានបើករេចង្កូតឡើងលើសួនផ្លូវទៅបុកបង្គោលស្លាកប៉ាណូ ដែលនៅចំកណ្ដាលសួនផ្លូវបណ្ដាលឲ្យបាក់មួយដើម ឯរថយន្ដក្រឡាប់ផ្ងារជើងមួយចំហៀង ចំណែកតៃកុងរថយន្ដបានចេញពីក្នុងរថយន្ដឡើងលើរថយន្ដមួយទៀតគេចខ្លួនបាត់ ក្នុងករណីនេះគ្មានអ្នកណារងរបួសឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ចំណុចកើតហេតុបានទាក់ទងខាងសមត្ថកិច្ចជំនាញ់ចរាចរណ៍មកធ្វើការវាសវែងយករថយន្ដបង្កទៅរក្សាទុកការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការរាជធានីភ្នំពេញរងចាំម្ចាស់រថយន្ដបង្កមកដោះស្រាយតាមច្បាប់៕






ដោយ៖ ភត្រា