ថ្មីៗនេះនៅលើបណ្ដាញសង្គមមានការបង្ហោះរូបក្មេង ពងបែកមាត់ ដៃ និង ជើង ដែលកំពុងរាតត្បាតលើក្មេងកម្ពុជា ធ្វើឲ្យអាណាព្យាបាលមួយចំនួនមានការព្រួយបារម្ភអំពីជំងឺនេះ។ តើជំងឺនេះ ជាជំងឺអ្វីឲ្យប្រាកដ តើជំងឺនេះធ្ងន់ ឬស្រាល? ជំងឺនេះគេហៅថា ជំងឺពងបែកមាត់ ដៃ និងជើង ដែលកើតមានយូរហើយ មិនមែនទើបកើតមាននៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែទើបថ្មីៗនេះ ជំងឺនេះកំពុងផ្ទុះឡើងសាជាថ្មី ប៉ុន្តែ ៩៨% ជាជំងឺស្រាល ២% ឈានទៅដល់ធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេសរោគកុមារ និងទារក ធ្វើការនៅមន្ទីរពេទ្យកុមារជាតិ និង បន្ទប់ពិគ្រោះជំងឺកុមារវត្តអង្គតាមិញ។
ជំងឺនេះផ្ដើមឡើងដោយមេរោគពីរប្រភេទគឺ Virus EV71 និង Coxsackie A16 ដែលធ្វើឲ្យកុមារក្ដៅខ្លួន ពងបែកមាត់ ដៃ និង ជើង ហើយឈានដល់ប្រកាច់ប្រសិនបើធ្ងន់ធ្ងរ។ លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា បញ្ជាក់បន្ថែម។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា កាលពីឆ្នាំ ២០១១ ជំងឺនេះបានរាតត្បាតម្ដងរួចមកហើយនៅប្រទេសកម្ពុជា ដែលបណ្ដាលឲ្យមានកុមារស្លាប់ ប៉ុន្តែនៅពេលនោះ មេរោគភាគច្រើនប្រភេទ Virus EV71 ប៉ុន្តែឆ្នាំនេះ ផ្ទុះសាជាថ្មី មេរោគភាគច្រើនប្រភេទ Coxsackie A16 មេរោគនេះស្រាលជាង EV71។ "កុំបារម្ភអំពីជំងឺនេះ បើមេរោគ Coxsackie គឺ៩៨% ព្យាបាលជា ឬជាដោយខ្លួនឯង ប៉ុន្តែ ប្រភេទ EV71 ទើបខ្លាំង តែ២% មែនប៉ុន្តែអាចគ្រោះថ្នាក់ដល់ជីវិតកុមារនៅអាយុក្រោម៦ខែ បើព្យាបាលជា ក៏អាចមានផលលំបាកខ្លះៗទៅថ្ងៃក្រោយដែរ"។
តើជំងឺនេះមានរោគសញ្ញាយ៉ាងណាដែរ?
ឆ្លើយតបនឹងសំណួរខាងលើ លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា បញ្ជាក់ថា ជំងឺនេះមានស្រាល មានធ្ងន់។ ជាទូទៅក្រោយឆ្លងជំងឺ ប្រមាណជា៥-៦ថ្ងៃ ជំងឺនេះមានអាការៈក្ដៅខ្លួនពី ៣៨-៣៩ អង្សា។ ក្រោយពីក្ដៅខ្លួនអាចមានពងមាត់ ឬពងបែកមាត់ ដៃ និងជើង។ ចំពោះស្ថានភាពធ្ងន់អាចបណ្ដាលឲ្យក្ដៅសន្ធប់ រលាកទងសួត និងប្រកាច់។
តើជំងឺនេះជាជំងឺឆ្លងដែរទេ?
ជំងឺនេះជាជំងឺឆ្លង ដែលវាឆ្លងតាមរយៈការប៉ះពាល់ ឬថើបមាត់ជាដើម។ មួយទៀតការលេងរបស់របរមិនស្អាត ហើយយកមកបៀមដៃ។
តើជំងឺនេះមានវិធីការពារដែរទេ?
ជំងឺនេះអាចការពារបានដោយមិនត្រូវឲ្យក្មេងលេងរបស់របរ ឬប៉ះពាល់អ្នកមានជំងឺនេះ ហើយប្រសិនបើបានលេងរបស់របរហើយ ត្រូវប្រញាប់លាងសម្អាតដៃ ជើងឲ្យបានស្អាត។
ប្រសិនជំងឺនេះឆ្លងហើយ តើមានវិធីព្យាបាលដែរទេ?
ជំងឺនេះមានស្រាល និងធ្ងន់។ ដូច្នេះប្រសិនបើស្រាល គឺប្រភេទឆ្លងជំងឺ Coxsackie A16 ដោយ៩៨% ជំងឺនេះអាចជាដោយខ្លួនឯង ប៉ុន្ដែអាណាព្យាបាលត្រូវធ្វើរឿងខ្លះ ដូចជា បញ្ចុះកម្ដៅកុមារ (ញុំាថ្នាំប៉ារ៉ា ៦ម៉ោង១គ្រាប់) លាបថ្នាំក្រហមត្រង់កន្លែងពងបែក និង ឧស្សាហ៍ងូតទឹក ជាពិសេសអនាម័យ។ ប៉ុន្តែប្រសិនបើធ្ងន់ធ្ងរដល់ថ្នាក់ក្ដៅសន្ធប់ ឬប្រកាច់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជំនាញផ្នែកកុមារ ដូចជា មន្ទីរពេទ្យកុមារ ឬមន្ទីរពេទ្យគន្ធបុប្ផា។
លោកវេជ្ជបណ្ឌិតប៉ែន កក្កដា បានអំពាវនាវដល់អាណាព្យាបាលទាំងឡាយត្រូវឧស្សាហ៍អនាម័យកុមារ ក្រោយលេងរបស់របររួច ឬមិនត្រូវឲ្យប៉ះពាល់ដល់អ្នកជំងឺឡើយ។ ជំងឺនេះនៅមិនទាន់មានវាក់សាំងការពារ ឬ ថ្នាំព្យាបាលជាក់លាក់នៅឡើយ ដោយភាគច្រើនព្យាបាលតាមរោគសញ្ញា។ យ៉ាងណាក៏ដោយប្រសិនបើមានកុមារមានរោគសញ្ញាដូចរៀបរាប់ខាងលើ អាណាព្យាបាលទាំងអស់ត្រូវប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ៕