កូនខ្មែរតិចណាស់ដែលបានស្គាល់គាត់! លោកតា សួង ឬទេវតាដើរដី សូម្បីតែស្ដេចថៃក៏គោរពកោតខ្លាចដែរ...
រតនា
- 10444

លោកឪ សួង ឬលោកតា សួង គឺជាកូនរបស់លោកតា ឈួន និងលោកយាយ ស៊ន ដែលជាអ្នកស្រុកគូលេនព្រហ្មទេព។ លោកតា ឈួន បានអនិច្ចកម្មនៅក្នុងឆ្នាំ១៩៧៩ ក្នុងជន្មាយុ ៨០ឆ្នាំ។ លោកតា សួង ប្រសូត្រនៅភូមិគូលេន ស្រុកគូលេនព្រហ្មទេព នៃខេត្តព្រះវិហារ។ លោកតា សួង មានបងប្អូនបង្កើតចំនួន ៥នាក់។

កាលពីអាយុ ១០ឆ្នាំ កុមារ សួង តែងតែសុំឪពុកម្តាយទៅបួស។ ដោយឃើញកុមារ សួង នៅតូចពេក ឪពុកម្តាយ មិនអនុញ្ញាតអោយបួសទេ។ លុះកុមារសួង អាយុ ១៥ឆ្នាំ ឪពុកម្តាយក៏បានអនុញ្ញាតអោយ ទៅបួស។

លោកឪ សួង ឬលោកតា សួង បានបួសជាសាមណរ និងជាភិក្ខុ នៅវត្តគូលេនព្រហ្មទេព។ ក្រោយមក ភិក្ខុសួង បានចាកចេញពីវត្ត ទៅធ្វើធុង្គរុក្ខមូលនៅលើកំពូលភ្នំត្បែងមានជ័យ។ ប្រមាណ ២០ឆ្នាំក្រោយមកនៅឆ្នាំ១៩៧០ លោកតា សួង (បានក្លាយជាសេនាដៃឆ្វេង) រួមជាមួយគ្រូក្មេង ឬសេនាដៃស្តាំ (ជំនាញខាងយោធា) បានចុះមកបង្ហាញខ្លួនជាលើកដំបូង នៅក្នុងភូមិកំណើតរបស់លោក ដើម្បីទៅថ្វាយបង្គំឪពុកម្តាយ និងសួរសុខទុក្ខញាតិញោម។ ជារឿយៗ លោកតា តែងនិមន្តទៅប្រោសសត្វ​គ្រប់ទីកន្លែង ក្នុងទឹកដីខ្មែរបច្ចុប្បន្ន និងទឹកដីខ្មែរកាលពីអតីត (ជាពិសេសនៅខេត្តស៊ីសាកេត)។ 

នៅពេលស្លៀកសពាក់ស លោកតា គឺជាតាបស។ នៅពេកស្លៀកស្បង់ចីវរ លោកតា គឺជាលោកធុតង្គ។ ជនជាតិសៀម​ និងខ្មែរខាងលើគោរពលោកតាណាស់ ដែលគេតែងតែហៅលោកតាថា “ទេវតាដើរដី ឬទេវតាលេងដី (เทวดาเดินดิน หรือ เทวดาเล่นดิน”។ សូម្បីតែស្តេចសៀមក៏គោរពលោកដែរ ពីព្រោះលោកតា សួង បានមើលជំងឺ បុត្រីស្តេចសៀមឲ្យបានជា ដែលវេជ្បណ្ឌិតអាល្លឺម៉ង់ដ៍មិនអាចមើលជា។ លោកតាចេះយ៉ាងច្បាស់លាស់នូវវិជ្ជាព្យាបាលជម្ងឺដោយប្រើតេជោធាតុ ឬថាមពលនុយក្លេអ៊ែរក្នុងរុក្ខជាតិ ដែលជាមរតករបស់អ្នកប្រាជ្ញខ្មែរតាំងពីសម័យអង្គរ។ 

លោកតាតែងប្រើវិជ្ជានេះ ដើម្បីសង្គ្រោះជនជាតិខ្មែរ និងមនុស្សទូទៅ។ មានជនជាតិសៀមជាច្រើន ចង់រៀនវិជ្ជាពីលោកតា ប៉ុន្តែវិជ្ជានេះអាចបង្រៀនបានទាល់តែអ្នកនោះ មានចេតោញាណ បេះដូង ជាពូជពង្សខ្មែរ ទើបអាចមាននិស្ស័យរៀនបាន។

លោកតាបានចូលសមាបត្តិ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ១៩៩៩ត្រូវនឹង ព.ស. ២៥៤៣។ សព្វថ្ងៃ ព្រះរូបរបស់លោកតាត្រូវបានដំកល់ទុកនៅវត្តផ្រៃផាត់តាណា (ไพรพัฒนา) ស្រុកភូស៊ិង (อำเภอภูสิงห์) ខេត្តស៊ីសាកេត (จังหวัดศรีสะเกษ) ប្រទេសថៃ។ ជារៀងរាល់ឆ្នាំ គេត្រូវបើកម្ឈូស កោរសក់ និង កាត់ក្រចកចេញ។ ដួងព្រលឹងរបស់លោកតា ២ ភាគ១០ នៅតាមសណ្ឋិតសិស្សគណ និងជួយសង្គ្រោះដល់ជនជាតិខ្មែរ និងមនុស្សទូទៅ។ នៅពេលវេលាដ៏សមគួរ លោកតានឹងរំលត់ខ័ន្ធទៅកាន់ទីបរមសុខ។ សព្វថ្ងៃ ព្រះរូបរបស់លោកតាពូកែស័ក្តិ៍សិទ្ធខ្លាំងណាស់ រហូតដល់ជនជាតិថៃគ្រប់គ្នាគោរពបូជាយ៉ាងក្រៃលែង ដូចជាព្រះអាទិទេព។

លោកតា សួង មានសិស្សប្អូនមួយអង្គកំពុងនៅមានព្រះជន្មនៅឡើយ ព្រះនាមលោកតាសាន ដែលសព្វថ្ងៃនេះ គង់នៅវត្តទឹកជុំ នៃប្រទេសកម្ពុជា។ ចៅៗ ចូរនាំគ្នាគោរព​នឹកគុណ​ដល់​លោកតា សួង​ អ្នកសច្ចំភ្នំត្បែងមានជ័យ​ ស្រុកគូលែន​ ខេត្ត​ព្រះវិហារ​ និងសូមឲ្យលោកតាជួយតាមថែរក្សាជនជាតិខ្មែរ និងប្រទេសកម្ពុជា ឱ្យជួបតែសេចក្ដី​សុខសេចក្តីចម្រើនជារៀងដរាបតរៀងទៅ! ចូរចៅៗ នាំគ្នាគោរពដឹងគុណមាតាបិតា គុណព្រះពុទ្ធ គុណព្រះធម៌ គុណព្រះសង្ឃ ដើម្បីឲ្យជីវិតចៅៗ កាន់តែរុងរឿងជាភិយ្យោភាព៕


Loading...