សាន់ហ្វ្រាន់ស៊ីស្កូៈ កាលពីព្រឹកថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះបើតាមការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យជាច្រើន នៃសហរដ្ឋអាមេរិក អាឡាស្កា (Alaska) បានបញ្ចូនមនុស្ស ជាបន្ទាន់ទៅកាន់រដ្ឋកាលីហ្វរញ៉ា ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ នៅភាគខាងជើងរដ្ឋឈ្មោះថា Camp Fire ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ៤២នាក់ហើយ។
ពីដំបូងឡើយរដ្ឋកាលីហ្វរញ៉ា បានព្យាយាមស្នើសុំជំនួយពីតំបន់ដែលនៅក្បែរខាងខ្លួន ប៉ុន្តែស្ថានភាពកាន់តែអាក្រក់ខ្លាំង នៃភ្លើងឆេះព្រៃដ៏មហាប្រល័យនេះ បានបង្ខំឲ្យអាជ្ញាធរកាលីហ្វរញ៉ា ស្វែងរកជំនួយពីទីភ្នាក់ងារពន្លត់អគ្គិភ័យ នៅរដ្ឋឆ្ងាយៗថែមទៀត រួមមានអាឡាស្កាជាដើម។ មិនតែប៉ុណ្ណោះ ក្នុងចំណោមភ្នាក់ងារអគ្គិភ័យរាប់ពាន់នាក់ ដែលបានចូលរួមប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃនេះ ក៏មានមួយចំនួនបានទទួលរងរបួសផងដែរ។
តួលេខមនុស្សស្លាប់ខាងលើនេះបានកើនឡើងពី ២៩នាក់ កាលពីថ្ងៃច័ន្ទម្សិលមិញ នៅពេលដែលអាជ្ញាធរអាមេរិកបញ្ជាក់ថា មានមនុស្សចំនួន ២២៨នាក់បានបាត់ខ្លួន គិតចាប់តាំងតែពីភ្លើងឆេះព្រៃ Camp Fire បានលេចរូបរាងឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ សម្រាប់មនុស្សស្លាប់ទាំង ៤២នាក់នេះ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មាននោះឡើយ ក្នុងប្រវត្តិសាស្ត្រនៃគ្រោះមហន្តរាយភ្លើងឆេះព្រៃក្នុងរដ្ឋដែលមានសេដ្ឋកិច្ចលំដាប់ទី៥ នៅលើពិភពលោកមួយនេះ។
គួរជម្រាបថា បច្ចុប្បន្ននេះភ្លើងឆេះព្រៃធំៗដល់ទៅ ០៣ កំពុងតែលុកលុយរដ្ឋកាលីហ្វរញ៉ា ដោយភ្លើងឆេះព្រៃ Camp Fire កំពុងបង្កការបំផ្លិចបំផ្លាញនៅភាគខាងជើង ខណៈភ្លើងឆេះព្រៃ២ទៀត គឺ Woolsey Fire និង Hill Fire កំពុងវាយប្រហារភាគខាងត្បូង។ ភ្លើងឆេះព្រៃ Woolsey Fire ក៏ត្រូវគេរាយការណ៍ថា បានសម្លាប់មនុស្ស ២នាក់ផងដែរ ខណៈគ្រោះមហន្តរាយភ្លើងឆេះព្រៃទាំង៣នេះ បានដុតបំផ្លាញសំណង់អគាររាប់ពាន់ខ្នង និងផ្ទៃដីរាប់ម៉ឺនហិកតា ព្រមទាំងបង្ខំឲ្យប្រជាជនអាមេរិកជម្លៀសខ្លួនរាប់សែននាក់ ៕