ភ្នំពេញ៖ ស្ត្រីវ័យ៣៩ឆ្នាំម្នាក់បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារបានសម្រេច តែត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់ពេលវេលាដោយសារចាញ់បោកគេតាមហ្វេសប៊ុកអស់ជិត២០ម៉ឺនដូល្លារ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះមានឈ្មោះ ងួន វណ្ណារី ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅម្ដុំជម្ពូវ័ន្ដ និងមានស្រុកកំណើតនៅភូមិ សំបួរមាស ខ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះបានអោយដឹងថា ខ្លួនចាញ់បោកគេតាមហ្វេសប៊ុកអស់លុយជិត២០ម៉ឺនដូល្លារនិងត្រូវប្ដីស្ដីបន្ទោសទើបរត់ចេញពីផ្ទះនៅម្ដុំជម្ពូរវ័ន្ធមកលោតទឹកសម្លាប់ខ្លួនតែម្ដង។
ក្រោយពីលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាររួច ក៏ធ្វើអោយអ្នកធ្វើដំណើរឆ្លងកាត់មានការភ្ញាក់ផ្អើលនាំគ្នាឈរចោមរោមមើលពីស្ពានទៅលើផ្ទៃទឹក លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញអ្នកនេសាទបានជួយស្រង់ស្ត្រីរងគ្រោះចេញពីក្នុងទឹក និងយកប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍ស្រះចក និងទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលស្ត្រីរងគ្រោះយកទៅផ្ទះវិញ៕






ដោយៈ ភារ៉ា