ខេត្តកំពតៈ កាលពីវេលាម៉ោង១២ៈ០០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមដងផ្លូវលំ ក្នុងភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយមន្ត្រីនគរបាលបម្រើការងារ នៅអធិការដ្ឋាននគរបាលស្រុកទឹកឈូម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្ត ចាប់ឃាត់ខ្លួន ពីបទករណីហិង្សា ដោយស្ថានទម្ងន់ (បាញ់បោះអាវុធខ្លី អនាធិបតេយ្យ បណ្តាលអោយរបួសប្រពន្ឋខ្លួនឯង)។

ប្រភពពីសមត្ថកិច្ចដដែលឲ្យដឹងថា ជនសង្ស័យឈ្មោះ ហុក ចេង ភេទប្រុស អាយុ៤៧ឆ្នាំ ជាមន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកទឹកឈូ បានបាញ់ចំនួន២គ្រាប់ បណ្តាលឲ្យត្រូវជនរងគ្រោះ ជាប្រពន្ឋរបស់ខ្លួនឈ្មោះ ឡាយ លី ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ រងរបួសមួយគ្រាប់ ក្រោមជង្គង់ខាងស្តាំ។
ប្រភពបានបន្តថា ការដែលជនសង្ស័យបាញ់នេះ មូលហេតុករណីសាហាយស្មន់ (គឺប្តីនារីរងគ្រោះទៅលួចសាហាយស្មន់ជាមួយប្រពន្ធជនសង្ស័យ) ហើយជនសង្ស័យក៏ធ្លាប់បានធ្វើការណែនាំដល់ប្តីនារីរងគ្រោះនេះ ជាច្រើនដងរួចមកហើយដែរ ប៉ុន្តែប្តីនារីរងគ្រោះនៅតែលួចសាហាយស្មន់ ជាមួយប្រពន្ធជនសង្ស័យដដែល ទើបជនសង្ស័យផ្ទុះកំហឹងភ្លើងប្រច័ន្ទប្រពន្ធ ជាមួយប្តីនារីរងគ្រោះដោយបាញ់ប្តី ប៉ុន្តែគ្រាប់ផ្លាតត្រូវប្រពន្ធឲ្យរងរបួសជើងតែម្តង។

លោកឧត្តមសេនីយទោ ស្នងការខេត្តបានប្រាប់ថា ទោះបីភាគីខាងប្តីស្ត្រីរងគ្រោះ ជាអ្នកសាហាយស្មន់ក៏ដោយ ការប្រើប្រាស់អាវុធបាញ់បោះបង្កឲ្យរងរបួស ដល់អ្នកដទៃត្រូវតែអនុវត្តតាមច្បាប់។ ក្រោយពីមានហេតុការនេះកើតឡើង កម្លាំងការិយាល័យព្រហ្មទណ្ឌស្នងការខេត្ត បានចុះទៅអន្តរាគមន៍ភ្លាមៗ ហើយបានឃាត់ខ្លួនជនសង្ស័យ នាំមកស្នងការខេត្ត ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់ ៕