សៀមរាបៈ កាលពីវេលាម៉ោង១០ៈ២៥នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្រុមទី១០ ភូមិកសិកម្ម សង្កាត់ស្រង៉ែ។ នារីវ័យជាង១០ឆ្នាំពីររូប មានឈ្មោះ ទី១.ឈ្មោះ វិន សុជា ហៅហេង ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ វិន ស្រីលាភ ភេទស្រី អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ត្រូវនគរបាលចាប់ឃាត់ខ្លួន គឺធ្វើតាមបណ្តឹងជនរងគ្រោះ មានឈ្មោះ ហង់ សុភាត់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ មានទីលំនៅបច្ចុប្បន្ននៅភូមិ/សង្កាត់ខាងលើ។ ពាក់ព័ន្ធនិងអំពើលួចម៉ូតូ បានសម្រេច។
បើតាមលោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងថា ជនរងគ្រោះ បានទុកម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១E.៤០៥២ នៅក្រោមផ្ទះ ដោយកូនសោរនៅជាប់នឹងម៉ូតូស្រាប់។ ពេលនោះត្រូវបានជនសង្ស័យទាំងពីរ ធ្វើសកម្មភាពលួចយកជិះចេញទៅបាត់។ បន្ទាប់ពីបាត់ម៉ូតូហើយ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រង៉ែ។

ក្រោយពីទទួលពាក្យបណ្តឹង នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក សមត្ថកិច្ចបានចាប់ខ្លួនត្រង់ចំណុចហាង អ៊ុតសក់ មួយកន្លែង នៅតាមបណ្តោយផ្លូវទៅភ្នំក្រោម ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប។ ក្រោយពេលសាកសួរ ជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងនគរបាលបានកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការបន្ត ៕