សូមសរសើរដល់សមត្ថកិច្ច....! ជនជាតិរ៉ូមោនីម្នាក់ ត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តសៀមរាប ធ្វើការឃាត់ខ្លួន ក្រោយពីបំរុងយកថ្នាំញៀន៥គីឡូកា្រម តាមជើងហោះហើរ ទៅទីក្រុងហុងកុង
-

សៀមរាបៈ កាលវេលាម៉ោង ០៩ៈ៥៥នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ជនជាតិរ៉ូមោនីម្នាក់ មានឈ្មោះ OLARU NARCIS-MANUEL ដែលត្រូវចេញដំណើរទៅទីក្រុងហុងកុង ជើងហោះហើរលេខ KA-249 (REP-HKG) ត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ផ្អាកការធ្វើដំណើរចេញពីប្រទេសកម្ពុជា ដោយសង្ស័យរត់ពន្ធគ្រឿងញៀន នៅព្រលានយន្តហោះសៀមរាប។

ក្នុងករណីសង្ស័យរត់ពន្ធគ្រឿងញៀននេះដែរ សមត្ថកិច្ចបានធ្វើឃាត់ត្រួតពិនិត្យ និងធ្វើតេស្តិ៍បឋម ជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ រកឃើញសារធាតុក្រាមពណ៌ស ដែលសាមីខ្លួនបានដាក់ក្នុងកញ្ចប់ថង់ប្លាស្ទីក រាងសំប៉ែត ០៤ជ្រុង ចំនួន០៤ លាក់ទុកក្នុងបាតកាបូបស្ពាយខ្នង ចំនួន០៤ផ្សេងគ្នា ដែលជាប្រភេទគ្រឿងញៀន មេតំហ្វេតាមីន ដែលមានទម្ងន់ ៥.០២០ក្រាម ដោយក្នុងកញ្ចប់ទី១ មាន១.២១០ក្រាម, កញ្ចប់ទី២ មាន១.៣៥០ក្រាម, កញ្ចប់ទី៣ មាន១.២១០ក្រាម និងកញ្ចប់ទី៤ មាន១.២៥០ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន ប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធី ៕