ភ្នំពេញ ៖ បុរសម្នាក់បែកក្បាលហូរឈាមជោគខ្លួន បន្ទាប់ពីគាត់ស្រវឹងស្រាស្រឿង ហេីយនារីបរទេសម្នាក់ស្លៀកពាក់ស៊ិចស៊ី លិចលេីលិចក្រោម ក៏និយាយភាសារអង់គ្លេស លក្ខណៈអូសក្រឡាញ៉ែរូបនាងត្រង់ៗ ស្រាប់តែមានបុរសបរទេសម្នាក់ បានរុញឲ្យចេញបែរជាជ្រុលធ្វេីឲ្យរអិលជេីងដួលបោកក្បាលនឹងថូផ្កា ហេីយក៏នាំគ្នាដេីរទៅបាត់ រួចហេីយបុរសរងគ្រោះងេីបឡេីងមកស្រែកឆោឡោថា ចោរៗ ដាក់នារីបរទេសរូបស្រស់ និងបងប្អូនប្រុសរបស់នាងម្នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរ រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង០៣៖០៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន ផ្លូវលេខ១៥៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញមានបុរសបរទេស៣នាក់ និងនារីបរទេសម្នាក់ស្លៀកស៊ិចស៊ីបានឈរជជែកគ្នាលេីចញ្ចេីមផ្លូវ កែងផ្លូវកន្លែងកើតហេតុ មួយសន្ទុះក្រោយមកក៏ស្រាប់តែមានបុរសម្នាក់ ស្រវឹងស្រឿងៗ បានធ្វើដំណើរដោយថ្មើរជើងមកដល់ ហេីយបានជួបជនបរទេសប្រុសស្រីទាំង៤នាក់នោះ ដោយឃេីញនារីបរទេសនោះ មានរូបសម្រស់ស្អាត ហេីយស៊ិចស៊ីទៀតនោះ បុរសម្នាក់នោះក៏បាននិយាយជាភាសាអង់គ្លេសជាមួយនឹងនារីបរទេសរូបស្រស់នោះ លក្ខណៈសាសង(ញ៉ែ)រូបនាងតែម្ដង។

ប្រភពបន្តថា បន្តិចក្រោយមកឃើញបុរសបរទេសម្នាក់ទៀត ដែលឈរជជែកគ្នាជាមួយនារីបរទេសខាងលេីដែរនោះ ដោយបុរសបរទេសនោះក៏និយាយជាមួយបុរសខ្មែរនោះដែរ តែមិនដឹងថាមានរឿងអ្វី និងនិយាយពីអ្វីខ្លះទេ ស្រាប់តែស្រែកដាក់គ្នាទៅវិញទៅមក រួចក៏ច្រានបុរសខ្មែរនោះឲ្យដេីរចេញទៅ តែដោយសារតែស្រវឹងស្រាស្រឿងៗផង បុរសខ្មែរនោះក៏រអិលជេីងដួល ហេីយបោកក្បាលនឹងថូផ្កា បណ្តាលឲ្យបែកក្បាលហូរឈាមជោគអាវតែម្ដង ហេីយបុរសបរទេសនោះក៏ដេីរនាំបុរសបរទេសម្នាក់ទៀតដើរចេញទៅបាត់ពីកន្លែងកើតហេតុតែម្តង ។

ភ្លាមនោះបុរសខ្មែររងគ្រោះ ក៏បានស្រែកឆោឡោថា ចោរៗ ហេីយស្រែក ចោទប្រកាន់រូបនាងនិងបងប្អូនប្រុសរបស់នាងថា ជាមិត្តភ័ក្រនឹងបុរសបរទេសដែលរុញរូបគាត់អោយដួលហេីយគេចទៅបាត់នោះ ទើបគាត់កើតទុក្ខមិនសុខចិត្ត ប្រកែកគ្នាជាមួយពួកគេទាំង២នាក់ រហូតមានប្រជាពលរដ្ឋនិងអ្នកដំណេីរ ចុះមកជួយឃាត់ហេីយរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មីទី៣ ចុះមកកន្លែងកើតហេតុតែម្ដង។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានសួរនាំដឹងមូលហេតុច្បាស់លាស់ហេីយក៏បានអនុញាតិឲ្យបុរសបរទេសប្រុសស្រីទាំង២នាក់បងប្អូននោះ ត្រលប់ទៅកន្លែងស្នាក់នៅវិញ រួចឲ្យបុរសរងគ្រោះទៅរកសាក្សីនៅកន្លែងកេីតហេតុ ៕



ដោយៈ ភារ៉ា