រថយន្តកាមរីហាយប្រីត ពន្លះរថយន្តកាមរីបាឡែនពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
វាសនា
- 989

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តកាមរីហាយប្រីតមួយគ្រឿងបោះពួយយ៉ាងលឿន ហើយរេចង្កូតជ្រុលទៅបុករថយន្តកាមរីបាឡែនដែលកំពុងចតលើចិញ្ចើមផ្លូវចំពីចហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១០ ខែកម្ភះ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ ត្រង់ចំនុចមុខក្រសួងបរិស្ថានចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ និងមានអ្នករួមដំណើរជាមួយពីរនាក់ទៀត បានបើករថយន្តកាមរីហាយប្រីត

ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2P-8447 តាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំនុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP-1517 ដែលចតស្ងាមអែបចិញ្ចើមផ្លូវចំពីចហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្តកាមរីបាឡែនរងការខូចខាតយ៉ាងដំណំ ភ្លាមៗរថយន្តបង្ករមិនព្រមឈប់ទទួលខុសទេ ដោយបើករត់ទាំងបែកកង់មុខរហូតដល់ស្តុបនាគបាញ់ទឹក ទើបទៅមុខលែងរួច ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ហើយក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ចុះដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយខាងរថយន្តកាមរីហាយប្រីត ព្រមយករថយន្តកាមរីបាឡែន(រងគ្រោះ)ទៅជួលជុលឲ្យស្អាតដូចដើម ដើម្បីបញ្ចប់រឿង ៕

ដោយៈ ភារ៉ា