កំពង់ស្ពឺៈ កាលពីវេលាម៉ោង១៣:៥៧នាទីរសៀល ថៃ្ងទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចស្ថានីយប្រេងឥន្ទនៈសូគីម៉ិច លឹម ឈុនទ្រី ផ្លូវជាតិលេខ៤ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ មានករណីអគ្គីភ័យមួយ ឆាបឆេះយ៉ាងសន្ធូសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដោយរថយន្ដដឹកប្រេងឥន្ធនៈសូគីមិចមួយគ្រឿង តែត្រូវបានកងកំលាំងនគរបាល ចេញប្រតិបត្ដិការគ្រប់គ្រងស្ថានការ ពន្លត់បានទាន់ពេលវេលា។

ម្ចាស់ស្ថានីយឈ្មោះ លឹម ឈុនទ្រី បញ្ជាក់ ស្ថានីយប្រេងករណីអគ្គីភ័យនេះ ធ្លាប់កេីតឡេីងកាលពីឆ្នាំទៅមួយនៅស្ថានីយ៍នេះដែរ ដោយសារតែជាងផ្សាដែកធ្វេីសកម្មភាពប្រក់ដំបូលផ្សាដែកខ្ទៀតផ្កាភ្លេីង ទៅប៉ះជាមួយប្រេងហូរហៀនៅលេីឥដ្ឋក៏បណ្ដាលអោយឆេះតែម្ដង។
មូលហេតុ គឺបណ្ដាលមកពីរថយន្ដដឹកប្រេងខ្នាតតូច (ដឹកតាមប៊ីដុង) បង្កអោយហៀប្រេងចេញក្រៅប៉ះជាមួយកំដៅម៉ាសុីន ក៏កេីតមានការឆាបឆេះទៅជាអគ្គីភ័យតែម្ដង។
តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុម ប៊ុនធឿន ស្នងការរង បានអោយដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ឆេះឡានដឹកប្រេងនេះ រថយន្តអគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចេញជួយអន្ដរាគមន៍ចំនួន០៣គ្រឿង និងរថយន្ដរបស់ម្ចាស់ស្ថានីយ៍ចំនួន០២គ្រឿង ប្រេីទឹកនិងទឹកសាប៊ូ អស់ចំនួន១០ឡាន ទេីបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ៕


