ខេត្តកណ្ដាល ៖ កាលថ្ងៃទី១៤ ខែកុម្ភៈ ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌខេត្តកណ្តាលបានចុះសហការជាមួយនគរបាលស្រុកអង្គស្នួល ចាប់ខ្លួនមុខសញ្ញាសង្ស័យសម្លាប់មនុស្សម្នាក់ ពាក់ព័ន្ធករណីទាស់សំដីគ្នារឿងជនរងគ្រោះស្រវឹងខឹងឆ្កែព្រុសទៅរកម្ចាស់ឆ្កែដូចទៅរកស្លាប់។
ជនរងគ្រោះមានឈ្មោះ ហុង តារ៉ា ហៅព្រឹង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ស្លាប់)។ ចំណែកជនសង្ស័យឈ្មោះ អ៊ូរ លាម ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបកសិករ រស់នៅភូមិឃុំជាមួយគ្នា។ ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ចំណុចមុខផ្ទះជនសង្ស័យ ភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
នៅពេលសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ទើបបានចម្លើយសារភាពជាក់លាក់យ៉ាងដូច្នេះថា នៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹង ហើយដើរមកក្បែរផ្ទះរបស់ខ្លួន (ជនសង្ស័យ) ពេលនោះឆ្កែក៏ព្រុស ហើយខ្លួនបានយកបន្ទះរនាបឫស្សីដេញវាយឆ្កែឲ្យចេញ ដើម្បីកុំឲ្យវាព្រុសមនុស្សស្រវឹង ពេលនោះឆ្កែក៏រត់បាត់ទៅ។ បន្ទាប់ពីឆ្កែរត់បាត់ឈប់ព្រុស ជនរងគ្រោះបានជេរប្រមាថ និងដើរចូលមករកវាយខ្លួនទៀតផង ឃើញដូច្នោះខ្លួន «ជនសង្ស័យ» បានទាត់ជនរងគ្រោះ១ជើង និងវាយ១ដៃជួលអុកគូថសន្លប់បាត់បង់ស្មារតី មួយសន្ទុះទើបឃើញអ្នកជិតខាងជួយដឹកយកទៅផ្ទះ និងបញ្ជូនទៅមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីព្យាបាល តែក្រោយមកដោយធ្វើការវះកាត់ផ្លោកនោមរហូតដល់ថ្ងៃទី៦ កុម្ភៈ ទើបជនរងគ្រោះចេញមកសម្រាកនៅផ្ទះវិញ លុះដល់ថ្ងៃទី១៤ វេលាម៉ោង២រសៀលជនរងគ្រោះក៏ស្លាប់តែម្តងទៅ ។
តាមការបំភ្លឺរបស់ឈ្មោះ ហុង ចាន់នឿន ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះឲ្យសមត្ថកិច្ចដឹងថា បងខ្លួនពោះម៉ាយកូន២នាក់ មកនៅជាមួយគាត់អស់រយៈពេល៥ឆ្នាំហើយ នៅថ្ងៃកើតហេតុគាត់នៅផ្ទះទេ ស្រាប់តែឃើញអ្នកភូមិដឹកបងប្រុសមកដល់មុខផ្ទះ និងបានឃើញសភាពសន្លប់មិនដឹងខ្លួនទើបគាត់សម្រេចចិត្តបញ្ជូនបងប្រុសទៅមន្ទីរពេទ្យព្រះកេតុមាលា (1.79)ភ្លាមៗ ។
ពេលនោះលោកគ្រូពេទ្យក៏បានធ្វើការវះកាត់ផ្លោកនោម និងបង្ហួរទឹកនោមចេញ តែដោយការខ្វះខាតក្នុងជីវភាពគាត់បានយកបងប្រុសចេញពីពេទ្យមកសម្រាកនៅផ្ទះវិញ លុះដល់ថ្ងៃទី១៤ ខែកុម្ភៈ បងប្រុសក៏ស្លាប់ទៅ ។ ប្អូនស្រីជនរងគ្រោះបន្តថា ថ្ងៃកើតហេតុគាត់ និងក្រុមគ្រួសារជាប់រវល់យកបងទៅពេទ្យ ដោយមិនបានប្តឹងទៅសមត្ថកិច្ចភ្លាមៗនោះទេ រហូតដល់ថ្ងៃទី៣០ មករា ទើបបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ស្រុកអង្គស្នួល ។
សាក្សីបានប្រាប់សមត្ថកិច្ចថា ជនសង្ស័យជាមនុស្សធ្លាប់ហាត់ក្បាចគុនល្បុកតោ និងការាស់តេដូ រយៈពេល៣ឆ្នាំទើបបានជាមានកម្លាំងរហូតទាត់ជនរងគ្រោះ១ជើងបែកផ្លោកនោមដល់ស្លាប់ ។ បន្ទាប់ពីមានពាក្យបណ្តឹងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងតាមនីតិវិធី ៕