កាលពីយប់មិញនេះ ម៉ោងប្រមាណ៣ៈ៤០នាទីទៀបភ្លឺ ឈាន់ចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីអគ្គិភ័យ ឆេះផ្សារអូរអំបិល។ តាមរបាយការណ៍បឋម បានឱ្យដឹងថា អគ្គិភ័យនេះ បានឆេះអស់តូបក្នុងផ្សារ ៦៧តូប (ចាបហួយ កាត់ដេរ គ្រឿងក្រអូប បន្លែ) ដែលមូលហេតុ គឺដោយសារឆ្លងចរន្តអគ្គិសនីប្រអប់បង្គោល LV របស់អគ្គិសនី ។

ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៨គ្រឿង និងបាញ់ទឹកអស់ចំនួន៣០ឡាន/ជើង និងបានប្រើប្រាស់កម្លាំងនគរបាល កងរាជអាវុធហត្ថ មន្ត្រីអាជ្ញាធរ និងអ្នកសង្គ្រោះជាច្រើននាក់ ដើម្បីជួយកុំអោយរាលដាលដល់ផ្ទះពលរដ្ឋ សំណង់ និងស្ថានីយប្រេងសាំងនៅជុំវិញនោះ។

ក្រោយអគ្គិភ័យនេះកើតឡើង នាព្រឹកឡើងឃើញថា ម្ចាស់តូបបានត្រឹមតែមករើ កកាយស្វែងរកសំភារៈដែលសេសសល់ខ្លះ នូវក្នុងតូបរបស់ខ្លួន ក្នុងទិដ្ឋភាពដ៏គួរឲ្យសោកសង្រេងនូវទ្រព្យសម្បត្តិ៍របស់ខ្លួន ដោយខិតខំរកសុីរាប់ឆ្នាំមកហើយ បែរជាឆេះខ្ទេចត្រឹមតែមួយយប់។











