ខេត្តតាកែវៈ កាលពីវេលាម៉ោង១៨ៈ៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ ស្ថិតនៅចំណុចផ្លូវជាតិលេខ៣ ជិតផ្សារគុម្ពឬស្សី ស្ថិតក្នុងឃុំតាំងដូង ស្រុកបាទី។ មានករណីប្លន់រថយន្តមួយគ្រឿង ដែលបង្ករឡើងដោយជនជាតិចិន ស្រីប្រុសចំនួន០២នាក់ មានឈ្មោះ ចាង ជីនស៊ីន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភ្នំពេញ និងឈ្មោះ សែវ ជីន ភេទស្រី អាយុ៣៤ឆ្នាំ សព្វថ្ងៃស្នាក់នៅភ្នំពេញ ដែលបានធ្វើសកម្មភាពយកកូនកាំបិតភ្ជង់គម្រាមប្លន់អ្នកបើកបរ យករថយន្តមួយគ្រឿង ម៉ាក lexus RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2P-8959 ខណៈពេលជនសង្ស័យជួលរថយន្តខាងលើពីចំណុចពោធិ៍ចិនតុង រាជធានីភ្នំពេញ ជិះតាមផ្លូវជាតិលេខ៣ សំដៅទៅខេត្តកំពត។

លុះមកដល់ចំណុចកើតហេតុ ម្ចាស់រថយន្តបានសុំចុះបត់ជើងធំ ហើយបានប្រតាយប្រតប់ជាមួយជនសង្ស័យបណ្តាលឱ្យម្ចាស់រថយន្តរងរបួសស្រាល រួចបានរត់មកប្តឹងសមត្ថកិច្ចនៅស្រុកបាទី ចំណែកជនសង្ស័យបានបើករថយន្តរត់គេចខ្លួន សំដៅទៅខេត្តកំពត។

ក្រោយពេលទទួលបានព័ត៌មានភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងតាមបណ្តាស្រុក/ក្រុង និងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាន ចុះល្បាតពួនស្ទាក់ ត្រួតពិនិត្យឆែកឆេរ រហូតវេលាម៉ោង១៩ៈ៣០នាទី កម្លាំងជំនាញបានព័ទ្ធស្ទាក់ចាប់បានរថយន្តខាងលើ រួមទាំងជនសង្ស័យទាំង២នាក់ នៅចំណុចផ្លូវបំបែកអង្គតាសោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់។
បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕



