នារីម្នាក់ ត្រូវសង្សាររឹត.ក សម្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ ក្រោយពីណាត់គ្នាមកដេកបានមួយម៉ោង នៅខេត្តព្រៃវែង
-

ខេត្តព្រៃវែងៈ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ នារីម្នាក់ត្រូវប្រុសស្នេហ៍មកជួលផ្ទះសំណាក់មួយកន្លែង យីហោ រំចង់ នៅក្នុងបន្ទប់លេខ២០៧ ស្ថិតក្នុងភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។ បំណងឡើងឋានសួគ៌ ស្រាប់តែមួយម៉ោងក្រោយ បុរសជាសង្សារបានចុះចាកចេញពីផ្ទះសំណាក់តែម្នាក់ឯង ក្នុងសភាពប្រញាប់ប្រញាល់ លុះពេលម្ចាស់ផ្ទះសំណាក់មានការសង្ស័យដើរទៅមើលដល់ក្នុងបន្ទប់ ទើបដឹងថា នារីខាងលើស្លាប់បាត់ទៅហើយ ដោយមានស្នាមខ្សែរឹតបំពង់ក បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍តែម្តង។

តាមការអះអាងរបស់ម្ចាស់ផ្ទះសំណាក់រំចង់ បានឲ្យដឹងថា នៅវេលាម៉ោង៣រសៀល នារីរងគ្រោះរួមជាមួយនឹងបុរសម្នាក់ជិះម៉ូតូម្នាក់មួយ បានមកជួលបន្ទប់មួយដោយប្រាប់ថា ជួលមួយម៉ោងរួមដំណេកជាមួយគ្នា លុះមួយម៉ោងក្រោយមក បុរសម្នាក់នោះចេញមកវិញតែម្នាក់ឯង យ៉ាងប្រញាប់ប្រញាល់ និងភ័យស្លន់ស្លោ ដោយមានការសង្ស័យគាត់បានចូលទៅមើលក្នុងបន្ទប់ដែលអ្នកទាំង២ដេក ក៏ប្រទះឃើញនារីរងគ្រោះដេកស្លាប់បាត់ទៅហើយ ធ្វើឲ្យគាត់រន្ធត់ចិត្តជាខ្លាំងស្រែកឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យឃើញថា សាកសពនារីរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ នាងមានអាយុប្រមាណជា៣០ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១AD-៩៦០១ មានកាបូបស្ពាយមួយដែលក្នុងនោះមានក្រដាសប៉ុន្មានសន្លឹក រួមជាមួយនឹងស៊ីមទូរស័ព្ទចំនួន១។ ចំណែកមូលហេតុនៃការស្លាប់ ជាជំហានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា គឺជាករណីឃាតកម្ម ដោយសារតែពេលពិនិត្យលើដងខ្លួនសាកសព ឃើញថាត្រង់ចំណុចត្រង់ក មានស្លាកស្នាមត្រូវបានរឹតនឹងខ្សែអ្វីមួយរហូតដល់ស្ត្រីរងគ្រោះស្លាប់។ តាមការសសន្និដ្ឋានថា ឃាតកគឺជាប្រុសស្នេហ៍របស់នារីរងគ្រោះ ដែលមកជួលបន្ទប់ដេកជាមួយគ្នា ហើយបានចេញទៅវិញបាត់ ក្រោយពីសម្លាប់នារីរងគ្រោះ ។