ភ្នំពេញៈ បន្ទាប់ពីស្ពានជ្រោយចង្វារទី១ បានដាក់ឲ្យប្រើប្រាស់វិញមក បងប្អូន ក្នុងបណ្ដាញសង្គមជាច្រើន មានការងឿងឆ្ងល់ ទៅលើមហាជនមួយចំនួន បើកបរទាំងរថយន្ត ទាំងម៉ូតូបំពានគន្លងគ្នា បើទោះបីជាមានគំនូសចែកដាច់រវាងរថយន្ត និងម៉ូតូក៏ដោយ មិនត្រឹមតែប៉ុណ្ណោះ អ្នកបើកបរម៉ូតូមួយចំនួន ថែមទាំងមានគ្រោះថ្នាក់ ដួលរលាត់ដៃរលាត់ជើង ដោយសារតែផ្លាស់ប្តូរគន្លងផងដែរ។

ដោយសារខ្វះការយល់ដឹង របស់ប្រជាពលរដ្ឋមួយចំនួន ក្រុមមន្ត្រីជំនាញបានធ្វើការដាំបង្គោល ដើម្បីពុះចែកគន្លងឲ្យដាច់ពីគ្នា ជៀសវាងបង្កគ្រោះថ្នាក់ទៀត ប៉ុន្តែការដាំបង្គោលនោះ គឺមិនមានប្រសិទ្ធភាពឡើយ ធ្វើឲ្យបងប្អូនដែលនិយមលេងហ្វេសបុក មានការខឹងសម្ប៉ាយ៉ាងខ្លាំង ដោយសារតែបុរសម្នាក់ បានជិះម៉ូតូសណ្តោងរ៉ឺម៉កបានបើកបំបុកបង្គោលនោះ បណ្តាលឲ្យខូចខាតខ្ទេចអស់។

ស្រាប់តែថ្មីៗនេះ ក្រុមមន្ត្រីជំនាញបានធ្វើការផ្លាស់ប្តូរមកដាក់របាំងថ្មពុះចែកផ្លូវវិញម្តង ដើម្បីចែកគន្លងឲ្យដាច់ពីគ្នា និងដើម្បីធានាសុវត្ថិភាព របស់បងប្អូនអ្នកដំណើរ។ សង្ឃឹមថាបងប្អូនអ្នកដំណើរទាំងអស់គ្នា គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់កើតមានជាយថាហេតុ ៕


