សូមប្រុងប្រយ័ត្នទាំងអស់គ្នា ! មន្ត្រីកាំកុងត្រូលខេត្តកោះកុង ដកហូតទំនិញហួសកាលបរិច្ឆេទជាច្រើន នៅផ្សារប៉ាក់ខ្លង ស្រុកមណ្ឌលសីមា...
ស៊ីហៀង
-

(កោះកុង)៖ ដើម្បីធានាបានសុវត្ថិភាពចំណីអាហារ សាខាកាំកុងត្រូលខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឱវាទ រួមសហការមន្ត្រីពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ចុះត្រួតពិនិត្យរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ក្នុងផ្សារប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយផ្តោតសំខាន់ទៅមុខទំនិញគ្រឿងភេសជ្ជៈណា ហួសកាលបរិច្ឆេទផលិត។

លោក សម ចិន្ត្រា អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុង បានថ្លែងថា ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពផលិតផលទំនិញ និងសេវា និងកិច្ចសម្របសម្រួលពាណិជ្ជកម្មតាមរយៈគ្រប់គ្រងហានិភ័យ ដែលការត្រួតពិនិត្យលក្ខណៈរូបវ័ន្ត ត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅរបស់ម្ហូបអាហារ ទៅស្លាកសញ្ញាសំបកវេចខ្ចប់ កាបរិច្ឆេទកំប៉ុងកំពិតប៉ោងរលួយ។

ជាមួយគ្នានេះ មានការត្រួតពិនិត្យគុណភាពនឹងភាពអនុលោមដោយវិភាគជាបឋម ទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមីដែលហាមឃាត់ ដូចជាប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យត្រូវយកគំរូបញ្ជូនទៅវិភាគបន្តនៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។

លោក សម ចិន្ត្រា បានបន្តថា ជាលទ្ធផលមន្ត្រីកាំកុងត្រូល និងមន្ត្រីជំនាញការចុះត្រួតពិនិត្យទំនិញគ្រឿងភេសជ្ជៈ ដែលអាជីវករដាក់តាំងលក់នៅតាមតូបក្នុងទីផ្សារប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មន្ត្រីកាំកុងត្រូលបានដកហូតបានទឹកស៉ីអ៉ីវខាប់១ដប ប្រេងឆា៣ដប ថ្នាំបាញ់ម៉ូស៤កំប៉ុង ដែលមន្រ្តីជំនាញបានរកឃើញ។

ចំពោះបញ្ហានេះមន្ត្រីជំនាញ ត្រួតពិនិត្យជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងណែនាំអាជីវករ មានការយល់ដឹងកាន់តែខ្ពស់ចំពោះបញ្ហានេះផងដែរ ហើយចំពោះវត្ថុតាងដែលហួសកាលបរិច្ឆេទ មន្ត្រីជំនាញបានយកមករក្សាទុកដើម្បីរង់ចាំការដុះកម្ទេចចោល៕