យាយអើយយាយ...ក្រុមចោរចំណាស់៣នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីលួចលុយអ្នកលក់ខោអាវបាន ជាង១ពាន់ដុល្លារ...
ស៊ីហៀង
-

ខេត្តកណ្ដាល៖ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចលុយប្រជាពលរដ្ឋ លក់ខោអាវមួយកន្លែង នៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។


ជនរងគ្រោះ មានឈ្មោះថា គា ស្រីមុំ ភេទ ស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរខោអាវ មានទីលំនៅ ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។


ចំណែកជនសង្ស័យមានទាំងបីនាក់នោះមានឈ្មោះថា  ទី១. មានឈ្មោះ ទិត្យ អេះ ភេទប្រុស អាយុ​៣១ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អ្នកបើកម៉ូតូ ។ ទី២​. ឈ្មោះ ពិន ភីរ៉ាត់ ភេទស្រី អាយុ​៦៥ឆ្នាំ ​មុខរបរមិនពិតប្រាកដស្នាក់នៅភូមិភ្នំតូច ស្រុកបាទី ខេត្តតាកែវ។ និងទី៣​. ឈ្មោះ ឡឹង គន្ធា ភេទស្រី អាយុ​៦៩ឆ្នាំ ​មុខរបរមិនពិតប្រាកដ ស្នាក់នៅ​ស្រុកកោះធំ ខេត្តកណ្តាល​។


វត្ថុតាងចាប់យករួមមាន៖​ ១.ម៉ូតូហុងដាឌ្រីម១២៥ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BJ.5452 ពណ៌ខ្មៅជារបស់ជនសង្ស័យទិត្យ អេះ ។ ២.ប្រាក់ដុល្លារចំនួន៨៨៥ដុល្លាអាមេរិច(ជារបស់ជនរងគ្រោះ ) ។


សមត្ថកិច្ចបានប្រាប់ឲ្យថា នៅថ្ងៃខែឆ្នាំនិងពេលវេលាដូចខាងលើជនរងគ្រោះកំពុងបញ្ចុកបាយកូននៅក្នុងតូបលក់ដូរ ពេលនោះជនសង្ស័យជាស្ត្រី០២នាក់បានចូលមកសួររកទិញខោអាវ ឆ្លៀតពេលនោះជនសង្ស័យឈ្មោះពិន ភីរ៉ាត់ បានចូលរួតកាបូបដាក់លុយរបស់ជនរងគ្រោះយកលុយចំនួន១១៩៥$រួចនាំគ្នាឡើងជិះម៉ូតូទៅភ្នំពេញ ។ ភ្លាមនោះជនរងគ្រោះក៏បានឃើញក្រដាស់ប្រាក់១០០$ជ្រុះនៅក្បែរកាបូបលុយ ក៍សួរទៅប្តីថា ៖មានរួតកាបូបលុយអត់ ប្តីបានឆ្លើយថា មិនបានបើកទេរួចក៍នាំគ្នាបើក ‭មើលកាបូប ទើបដឹងថាបាត់លុយចំនួន១១៩៥$ បន្ទាប់មកប្តីជនរងគ្រោះក៍ជិះម៉ូតូដេញតាមជនសង្ស័យរហូតដល់ចំណុចវត្តព្រែកដូង ជនសង្ស័យក៍ដកលុយបាចតាមផ្លូវ ពេលនោះប្តីជនរងគ្រោះក៍ឈប់រើសលុយបានចំនួន៨៨៥ដុល្លានិងទាក់ទងឲ្យកំលាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលជួយស្ទាក់ចាប់នឹងឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិនគរបាលរដ្ឋបាលកំពង់ស្វាយដើម្បីសួរនាំ ។


នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន។បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី៕


ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឈើទាល ស្រុកកៀនស្វាយ