កូនប្រុសអកត្តញូ! ខឹងម្ដាយស្ដីបន្ទោស រឿងហូបបាយច្រើន មិនទុកឲ្យប្អូន ទាញពូថៅដេញកាប់ម្តាយ បណ្តាលឲ្យរងរបួសត្រង់ចង្កេះ
-

បាត់ដំបង៖ កូនប្រុសតិរិច្ឆានម្នាក់ បានយកពូថៅកាប់ទៅលើម្តាយរបស់ខ្លួន ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មានករណីហិង្សាដោយចេតនាក្នុងគ្រួសារមួយ (កូនយកពូថៅកាប់ម្តាយ) កើតឡើងត្រង់ចំណុចក្រុមទី០៨ ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ដែលបង្កដោយជនសង្ស័យជាកូនឈ្មោះ សុង បូរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ បានយកពូថៅកាប់ទៅលើម្តាយឈ្មោះ រួន អេត ភេទស្រី អាយុ៤៨ឆ្នាំ បណ្តាលអោយរងរបួសត្រង់ចង្កេះ និងបន្តយកពូថៅកាប់ទៅលើម៉ូតូបែកកុងទ័រ និងខោអាវ។

របាយការណ៍ដដែលបន្តថា ចំពោះមូលហេតុគឺ បណ្តាលមកពីកូនប្រុសខឹងនឹងម្តាយ ស្តីបន្ទោសពីរឿងហូបបាយច្រើន មិនទុកអោយប្អូន។ ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង ពូថៅចំនួន១។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕