ឃោឃៅណាស់ ! បុរសជនជាតិចិនម្នាក់ ទាញកាំបិតប៉័ងតោ កាប់ទៅលើជនជាតិចិនគ្នាឯង និវាយធ្វើបាប ស្ត្រីជនជាតិខ្មែរ...
ស៊ីហៀង
-

ខេត្តកណ្ដាល៖ បុរសជនជាតិចិនម្នាក់ ពុំដឹងជាមានមូលហេតុអ្វី បានហៅជនជាតិចិន ២នាក់ផ្សេងទៀត រួមទាំងហៅនារីជនជាតិខ្មែរ ជាអ្នកបកប្រែឲ្យខ្លួន ចូលមកក្នុងបន្ទប់ រួចចាក់សោរទាញកាំបិតប៉័ងតោ កាប់ទៅលើជនជាតិចិនគ្នាឯង បណ្ដាលឲ្យរងរបួសធ្ងន់ និងវាយធ្វើបាបនារីជាអ្នកបកប្រែម្នាក់ទៀត ទទួលរងបួសយ៉ាងដំណំ ។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទី ក្នុងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ស្ថិតក្នុងបរិវេណការដ្ឋានសំណង់ នៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនឈ្មោះ ចាង ឈិនលាន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរ មេការសំណង់ ស្នាក់នៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះ២នាក់ ឈ្មោះ ឡេវ គឹមស៊ាង ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបកប្រែចិន ស្នាក់នៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល នៅការដ្ឋានសំណង់ភូមិព្រែកស៊ឹង និងម្នាក់ទៀតជនជាតិចិន ពុំទាន់ស្គាល់អត្ដសញ្ញាណ (ព្យាបាលនៅមន្ទីរពេទ្យ) ។

ប្រភពដដែលបន្ដថា ជនសង្ស័យជាជនជាតិចិនខាងលើនេះ គឺតែងបង្ករហិង្សាទៅលើកម្មករ ក៏ដូចជាបុគ្គលិក ដែលបម្រើក្នុងការដ្ឋានសំណង់របស់ខ្លួនជាញឹកញាប់ ដោយពុំដឹងជា មូលហេតុអ្វីទេ ហើយកម្មករ និងបុគ្គលិក ដែលជនសង្ស័យខាងលើ វាយធ្វើបាបនោះ ក៏ពុំមាននរណាម្នាក់ប្ដឹងផ្ដល់អ្វីដែរ ។ លុះមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យដែលជាមេការរូបនេះ ពុំដឹងជាមានមូលហេតុអ្វី បានហៅជនជាតិចិន ចំនួន២នាក់ផ្សេងទៀត រួមទាំងនារីជាអ្នកបកប្រែភាសាម្នាក់ ឲ្យចូលមកក្នុងបន្ទប់ស្នាក់នៅ របស់ខ្លួន បន្ទាប់ពីចូលក្នុងបន្ទប់រួច ជនសង្ស័យបានចាក់គន្លឹះទ្វារ ហើយកាន់កាំបិតប៉័ងតោចំនួន កាប់ទៅលើជនរងគ្រោះជាជនជាតិចិនម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់មក ស្ទុះមកវាយទាត់ ធាក់ និងដាល់ នារីរងគ្រោះជាអ្នកបកប្រែជាច្រើនដៃច្រើនជើង ធ្វើឲ្យរងរបួសជាំហើម ពេញផ្ទៃមុខ និងដងខ្លួនយ៉ាងដំណំ នៅតែមិនអស់ចិត្ដ ជនសង្ស័យ ក៏យកដែកវាយក្បាលនារីរងគ្រោះ និងបានយកសាប៊ូចាក់បញ្ច្រកមាត់ បង្ខំឲ្យនារី រងគ្រោះផឹកទៀតផងដែរ ខណៈនោះផងដែរ ស្រាប់តែបងប្អូនជីដូនមួយរបស់ នារីរងគ្រោះ ឃើញជនសង្ស័យកំពុងវាយធ្វើបាបនារីរងគ្រោះ ក៏ប្រញ៉ាប់ប្រាប់ទៅក្រុមគ្រួសារ បងប្អូន នាំគ្នាមកធាក់ទ្វារទម្លុះចូលជួយសង្គ្រោះ និងបាននាំនារីរងគ្រោះទៅព្យាបាល នៅមន្ទីរ ពេទ្យប្រទេសវៀតណាម រីឯជនជាតិចិនម្នាក់ដែលត្រូវជនសង្ស័យកាប់នោះទៅ ពុំទាន់ដឹងយកទៅសង្រ្គោះនៅមន្ទីរពេទ្យណានោះទេ ។

បុរសជនជាតិចិនម្នាក់ ពុំដឹងជាមានមូលហេតុអ្វី?

ហេតុការណ៍កើតឡើង នៅថ្ងៃទី១១ ខែឆ្នាំកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលសំពៅពូន ដើម្បីចាត់ការតាមច្បាប់ ។ ក្រោយពីសមត្ថកិច្ចប៉ុស្ដិ៍ទទួលបានបណ្ដឹងភ្លាម ក៏បានសហការជាមួយកម្លាំងជំនាញស្រុក ចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាង ឈិនលាន នៅ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

ប្រភព៖ កូន ខ្លាតូច