វីរៈបុរស គាត់ហ៊ានលះបង់ជីវិត! មន្ត្រីនគរបាលរងរបួសធ្ងន់ធ្ងរណាស់ បន្ទាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីផ្ទុះធុងហ្គាស..(មានវីដេអូ)
សីហា
-

សៀមរាប៖ មានហេតុការផ្ទុះហ្គាស នៅហាងបញ្ចូលហ្គាសរថយន្ត ២៤ ម៉ោង មួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លរក្រាម ក្រុងសៀមរាប នៅវេលាម៉ោង ប្រមាណ១រសៀល ថ្ងៃទី១៤ ខែសីហានេះ។ នេះបើតាមការផ្ដល់ព័ត៌មានបឋម របស់ភ្នាក់ងារយកព័ត៌មាន របស់មន្ទីរព័ត៌មានខេត្តសៀមរាប។

ហេតុការណ៍នេះ បានបង្កឲ្យ ប្រជាពលរដ្ឋមួយចំនួន រងរបួសធ្ងន់ និងស្រាល ក្នុងនោះក៏មានជនបរទេសពីរនាក់ផងដែរ។

បើតាមអ្នកឃើញហេតុការណ៍នោះ បានឲ្យដឹងថា ឧប្បតិ្តហេតុនេះ បង្កដោយកម្មករផ្ទេរហ្គាសចេញពីរថយន្តចូលទៅក្នុងស៊ីទែនផ្ទុកហ្គាសរបស់ហាងខាងលើ បន្តិចក្រោយមកស្រាប់តែមានអគ្គីភ័យឆាបឆេះ និងបង្កជាសម្លេងផ្ទុះឡើង បណ្តាលឱ្យមនុស្សរងរបួស រីឯផ្ទះអ្នកជិតខាងមួយចំនួននៅក្បែរនោះ ក៏ទទួលរងការខូចខាតោងដែរ ។

ដោយឡែក លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្រុមមន្ត្រីជំនាញនៅមិនទាន់ដឹងទំហំនៃការខូចខាត ចំនួនអ្នករងគ្រោះ និងមូលហេតុពិតប្រាកដនៅឡើយទេ។ ដោយសារម្ចាស់ហាង និងកម្មករទាំងអស់បានគេចខ្លួនបាត់។ ប៉ុន្តែក្នុងពេលកើតហេតុមានអ្នកដំណើរឆ្លងកាត់ទីនោះបានទទួលរងគ្រោះជាច្រើននាក់ រួមមានជនបរទេសចំនួន២នាក់ផងដែរ។ ជាមួយគ្នានោះ ក្នុងពេលប្រតិបត្តិការ ពន្លត់អគ្គីភ័យនេះ ក៏មានមន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់ផងដែរ៕

នៅក្នុងគណនីហ្វេសប៊ុករបស់លោក តាន់ គឹមសួរ បានបង្ហោះសារថា "អរគុណចំពោះវិរភាពរបស់បងប្រុសដែលបានបូជាកាយដើម្បីជួយពន្លត់អគ្គីភ័យ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ពិតជាមានចិត្តស្ងើចសរសើរចំពោះវិរភាពរបស់បងប្រុសខ្លាំងណាស់ ហើយក៏សូមចូលរួមសោកស្តាយចំពោះរឿងរាវដែលកើតឡើងចំពោះបងប្រុសផងដែរ។