អាសូរណាស់ ! ប្អូនស្រីម្នាក់ ជិះម៉ូតូជាមួយឪពុក ដើម្បីទៅមើលមណ្ឌលប្រលងនៅក្រុងតាខ្មៅ តែជាអកុសលត្រូវ ឡានបុកផ្តាច់ជីវិតតាមផ្លូវ....(មានវីដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ ពិតជាគួរអាណិតណាស់ យុវតីម្នាក់ជិះម៉ូតូជាមួយឪពុក ដើម្បីទៅមើលមណ្ឌលប្រលងនៅក្រុងតាខ្មៅ ខេត្តកណ្តាលតែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍​ ត្រូវរថយន្តដឹកឥដ្ឋផ្តាញ់ជីវិតស្លាប់មួយរំពេច យ៉ាងគួរឲ្យសង្វេគ ចំណែកឪពុករងរបួស ទ្រហោយំបោកខ្លួនអោបសពកូនស្រី ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនាវេលាម៉ោងជាង១២ថ្ងៃត្រង់ ទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះៗ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រៅយចង្វារ រាជធានីភ្នំពេញ។

យុវតីខាងលើឈ្មោះ អ៊ុយ លីលី អាយុ១៨ឆ្នាំ ប្រភពពីកន្លែងកើតហេតុបាននិយាយថាមុនពេលកើតហេតុ ឪពុករបស់យុវតីខាងលើបានឌុបកូន ពីឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល មកមើលឈ្មោះប្រឡង នៅមណ្ឌលប្រឡងមួយក្នុងក្រុងតាខ្មៅ ហើយក៏ត្រូវរថយន្តដឹកឥដ្ឋ បុកពីក្រោយបណ្តាលឲ្យស្លាប់ រីឯឪពុករបស់នាង គ្រាន់តែរបួសប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅការិយាល័យចរាចរណ៍ជើងគោកដើម្បីមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ។រីឯសាកសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕