ស៊ូរៗណាក្មួយ ! លោក គួច ចំរើន តែងតែផ្តល់ភាព កក់ក្តៅ និងអញ្ជើញទៅពិនិត្យកន្លែងស្នាក់នៅ និងការញាំបាយរបស់លក្មួយៗថ្នាក់ទី១២ នៅព្រះសីហនុ​
ស៊ីហៀង
-

ខេត្តព្រះសីហនុ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យកន្លែងស្នាក់នៅ និងការពិសារអាហាររបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ សម័យប្រឡងថ្ងៃទី ១៩-២០ ខែសីហា ឆ្នាំ២០១៩ នៅផ្ទះសំណាក់គ្រូបង្រៀន និងផ្ទះសំណាក់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នារសៀលថ្ងៃអាទិត្យ ៣រោជ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តមានស្រសាសន៍ជាមួយប្អូនៗដែលជាបេក្ខជន្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ថា ត្រូវតែខិតខំថែ រក្សាសុខភាព ដេកឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនចូលប្រឡងតាមសមត្ថភាពដែលប្អូនៗ បានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ១០ឆ្នាំកន្លងមកនេះ ។

ឯកឧត្តមបានបញ្ជាក់ថា ដេីម្បីជួយសម្រាលដោះស្រាយការលំបាក និងបញ្ហាប្រឈមរបស់មាតា បិតា អាណាព្យាបាលសិស្ស និងប្អូនៗ ដែលជាបេក្ខជនដែលមកពីបណ្តាលវិទ្យាល័យឆ្ងាយៗ មានដូចជា វិទ្យាល័យស្រុកព្រៃនប់ ស្រុកកំពង់សិលា និងស្រុកស្ទឹងហាវ ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការស្នាក់នៅ និងការហូបចុកក្នុងកំឡុុងពេលប្រឡង ។ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកន្លែងស្នាក់នៅ និងផ្ដល់អាហារបីពេលក្នុងមួយថ្ងៃសម្រាប់បេក្ខជនដែលមកពីវិទ្យាល័យឆ្ងាយមានដូចជា វិទ្យាល័យ ហ៊ុន សែន កំពង់សិលា និងវិទ្យាល័យ ហ៊ុន សែន កែវផុសនៅ ផ្ទះសំណាក់ ឡេង ទ្រី ស្ថិតនៅក្នុងស្រុកព្រៃនប់ ។ ចំពោះបេក្ខជនមកពីវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ត្រូវស្នាក់នៅ និងទទួលអាហារបីពេលក្នុងមួយថ្ងៃ នៅផ្ទះសំណាក់គ្រូ បង្រៀន និងផ្ទះសំណាក់កាកបាទ ក្រហមខេត្ត ស្ថិតនៅក្នុងក្រុងព្រះសីហនុ ។ ដោយឡែកចំពោះការផ្ញើរយានជំនិះរបស់បេក្ខជនទាំងអស់នៅគ្រប់មណ្ឌលប្រឡង រដ្ឋបាលខេត្តជាអ្នកធានារ៉ាប់រងក្នុងការចំណាយទាំងស្រុង ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ ថា៖ ចំពោះបេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិន្ទេស A នឹងទទួលបានម៉ូតូ ១គ្រឿង និងថវិកា ១ពាន់ដុល្លារ ដើម្បីជាការលើកទឹកចិត្ត ហើយសង្ឃឹមថា ក្មួយនិងប្រឹងឱ្យអស់លទ្ធភាព ដើម្បីទទួលបានជោគជ័យនាពេលខាងមុខគ្រប់ៗគ្នា ៕ LSR ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ