ឲ្យសមមុខ..អត់គិតប្រឹងធ្វើការ រកស៊ីអីទេ គិតតែប្រឹងលួច ចុងក្រោយ ជាប់ខ្នោះ...
ស៊ីហៀង
-

កណ្តាល ៖ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពីបទលួចកង់ ។ ជនរងគ្រោះមានឈ្មោះថា ១-ឈ្មោះ ទូច ផល្លី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ ២-ឈ្មោះ សុខ សុខលាង ភេទស្រី អាយុ ៤០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុ។ ចំណែកជនសង្ស័យ មានឈ្មោះថា សុខ ពៅ ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រឡាយ ឃុំតាំងក្រសៅ ស្រុកសន្ទុក ខេត្តកំពង់ធំ (ឃាត់ខ្លួន)។


វត្ថុតាង -ជនរងគ្រោះឈ្មោះ ទូច ផល្លី បាត់បង់កង់០១គ្រឿង , ជនរងគ្រោះឈ្មោះ សុខ សុខលាង បាត់បង់កង់០១គ្រឿងតែរកឃើញវិញ។


វត្ថុតាងចាប់យក៖ កង់ពណ៌ទឹកប្រាក់ ០១គ្រឿង, ម៉ូតូម៉ាកC១០០កូរ៉េ ពណ៌ស្លាទុំ ០១គ្រឿង (របស់ជនសង្ស័យជិះធ្វើសកម្មភាព) ពាក់ស្លាកលេខ ភ្នំពេញ 1BF-2606។


សភារឿង៖ នៅពេលកន្លងមកជនសង្ស័យធ្លាប់បានសកម្មភាពលួចកង់ តាមសាលារៀន និងតាមផ្សារហើយ យកទៅលក់នៅផ្សារអូរឬស្សី រាជធានីភ្នំពេញ ជាច្រើនលើក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ម៉ោង ៩និង០០នាទី ជនសង្ស័យបានលួចកង់ពីក្នុងសាលាឯកជន នៅឃុំព្រែកលួងបានមួយគ្រឿង ហើយយកទៅលក់នៅផ្សារអូរឬស្សីបានតម្លៃ ៦០.០០០រៀល។ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទី ឈ្មោះ សុខ សុខលាង បានជិះកង់ពីផ្ទះមកផ្សារអ៊ូភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ដោយទុកកង់នៅមុខផ្ទះឈ្មោះ ហឿន ទិត្យ ភេទប្រុស រួចដើរចូលផ្សារទិញអាកោ និងចេកយកមកសែនថ្ងៃសីល ចំណែកជនសង្ស័យបានជិះម៉ូតូខាងលើ ពីភ្នំពេញមករកលួចកង់ដូចពេលមុនៗទៀត ហើយមកដល់ផ្សារអ៊ូបានលួចកង់របស់ជនរងគ្រោះលើកដាក់លើម៉ូតូ ជិះឌុបមកទិសខាងត្បូង ពេលជិះម៉ូមកដល់ផ្សារព្រែកលួងឈ្មោះ ទូច ផល្លី បានឃើញក៏ចាប់ជនសង័្សយប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលួង និងបញ្ជូនជនសង័្សយមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល អនុវត្តតាមនីតិវិធី៕


ប្រភព៖ ស្នងការដ្ឋានខេត្តកណ្តាល