ក្រុងព្រះសីហនុ ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ បុរសចំណាស់ម្នាក់ បានបាត់បង់ជីវិតដោយសារជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍និងម៉ូតូ នៅចំណុចជិតវេទិកាវិមានឯករាជ្យ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១០ព្រឹក ។ ក្រុមគ្រួសារគ្រាន់តែបានទទួលដំណឹងនេះភ្លាម ស្រែកទ្រហោរយំ មិនគួរណាសាច់ញាតិគាត់មកជួបនិងរឿងអកុសលបែបនេះសោះ។

ជនរងគ្រោះមានឈ្មោះថា មុំ ឆាន ភេទ ប្រុស អាយុ ៥២ឆ្នាំ ដឹកអ្នកដំណើរចំនួន ១នាក់ឈ្មោះ មុំ ឆេ ភេទ ស្រី អាយុ ៤៧ឆ្នាំ មានមុខរបរជាអ្នកលក់លៀសហាល បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ គ្មានពាក់ស្លាកលេខ អ្នកទាំងពីរនាក់មានទីលំនៅ នៅស្រុកទំលាប់ ខេត្តតាកែវ ដោយជនរងគ្រោះឈ្មោះមុំ ឆាន បានបាត់បង់ជីវិត ហើយមុំ ឆេ បានរងរបួសស្រាល។

រថយន្តបង្កម៉ាក HOWO ពាក់ស្លាកលេខ ព្រះសីហនុ 5A-3001 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនហ្វុងរ៉ូ បើកបរដោយឈ្មោះ ស្ងួន ពីសាល ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្រសាជេត ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បត់ស្តាំបុកម៉ូតូបណ្តាលឲ្យជនរងគ្រោះម្នាក់បានបាត់បង់ជីវិត ហើយម្នាក់ទៀតរងរបួសស្រាល។

បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ច នាំខ្លួនមកសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

សូមទស្សនវិដេអូទាំងអស់គ្នា៖