ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាមិនភ្លេចទេ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១:២០នាទីយប់ ដែលជាថ្ងៃសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានយាងសោយទិវង្គត ហើយថ្ងៃស្អែកក៏ជាថ្ងៃខួបទី៧ ត្រូវនិងថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០១៩ នៃការសោយទិវង្គតរបស់ព្រះអង្គ និងជាថ្ងៃដែលកូនខ្មែរ សោកសៅ និងសោកសង្រេងបំផុត។
តាមកម្មវិធីរបស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ពិធីថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ចាប់ផ្តើមនៅម៉ោង ៧ព្រឹក ថ្ងៃទី១៥តុលា ឆ្នាំ២០១៩ ដោយក្រសួងព្រះបរមរាជវាំង មុនគេ ហើយបញ្ចប់នៅម៉ោង ០៩ និង ៤៥នាទី។
នៅព្រះបរមរូបសម្តេចព្រះ នរោត្តម សីហនុ នៅលើសួនច្បារ ជិតវិមានឯករាជ្យ នឹងមានក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានីភ្នំពេញ សរុប ៥៦អង្គភាព ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ ៧ឆ្នាំ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។
សូមបញ្ជាក់ថា សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានយាងសោយទិវង្គត នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា។ ព្រះសពរបស់អតីតព្រះមហាក្សត្រ ត្រូវបានដឹកតាមជើងយន្តហោះពិសេសពីប្រទេសចិនមកកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង៣រសៀល។
ការយាងសោយទិវង្គតរបស់ព្រះអង្គ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ បានបង្ហាញក្ដីវិយោគស្រណោះស្រណោកពន់ពេកក្រៃ ចំពោះការបាត់បង់អង្គព្រះមហាក្សត្រ ដែលបានបន្សល់នូវស្នាព្រះហស្ថ ដ៏ច្រើនសម្រាប់ជាតិកម្ពុជា។ ស្នាព្រះហស្ថធំៗដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ គឺការយាងបំពេញព្រះរាជបូជនីយកិច្ច យ៉ាងអង់អាចក្លាហានក្នុងការទាមទារ និងដណ្តើមសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរពីនឹមអនាគមបារាំងរហូតទទួលបានជោគជ័យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។
តាមរយៈឯកសាររបស់ព្រះអង្គ បានបង្ហាញថា ក្រោយការទាមទារឯករាជ្យពីបារាំងបានជោគជ័យហើយនោះ ការបំពេញព្រះរាជកិច្ចដឹកនាំប្រទេស ក្នុងសម័យសង្គមរាស្ដ្រនិយម (១៩៥៣-១៩៧០) បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរកោតសរសើ ស្ញប់ស្ញែង និងចងចាំមិនភ្លេចបានចំពោះវីរភាព និងការរីកចម្រើនរបស់ជាតិកម្ពុជាក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គ។
ក្រោមការដឹកនាំរបស់ព្រះមហាវីរក្សត្រព្រះបាទ នរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋរបបសង្គមរាស្ត្រនិយម កម្ពុជាមានមុខមាត់នៅលើឆាកអន្តរជាតិ ដោយសារមានការរីកចម្រើនលើគ្រប់វិស័យ។ ព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងនគរចាត់ទុកជាមហាវីរក្សត្រមួយអង្គដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្ត្របស់ព្រះអង្គ។
សមិទ្ធផលធំៗរបស់ព្រះអង្គគឺជាគំរូវីរភាពដ៏អង់អាចក្លាហាន ក្នុងការទាមទារឯករាជ្យពីបារាំង និងស្នាព្រះហស្ថដឹកនាំកសាងសង្គមកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយមឱ្យល្បីរន្ទឺនៅអាស៊ី និងការកសាងនូវភាពល្បីល្បាញ ដែលជាការចងចាំគ្មានថ្ងៃបំភ្លេច ដូចពាក្យសុភាសិតខ្មែរមួយឃ្លា បានពោលថា «ទូកទៅ កំពង់នៅ» យ៉ាងដូច្នោះដែរ៕