យុវជនម្នាក់ មានជំងឺផ្លូវចិត្ត ក្រោយពីខឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួច ក៏ទៅដុតផ្ទះខ្ទេចគ្មានសល់
-

កំពង់ចាម​ ៖ ​​ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយខឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួចសោះ បែរជាថ្លើមធំ ដុតផ្ទះឆេះខ្ទេចអស់គ្មានសល់តែម្តង នៅចំណុចភូមិ​បិត​ធ្នូ​ ឃុំ​អូរ​ម្លូ ​ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម។

ជនសង្ស័យដែលដុតផ្ទះខ្លួន​ឯងនេះ មានឈ្មោះ ​រី​ ម៉េង​ហុង ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ មានជំងឺផ្លូវចិត្ត បានដុតផ្ទះរបស់ឪពុកឈ្មោះ ​សឿន រី​ ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ ​ស្នាក់នៅភូមិ​បិត​ធ្នូ​ ឃុំ​អូរ​ម្លូ ​ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ ​​​ដែល​មាន​ទំហំ​៤​ម៉ែត្រ គុណ៦​ម៉ែត្រ ​ឆេះ​អស់ទាំងស្រុង​ បំផ្លាញអស់​ឯកសារ​អត្រានុកូលដ្ឋាន​មួយ​គ្រួសារ​ សម្លៀកបំពាក់​មួយចំនួន​ ​អង្ករ​១​បេ​ ស្រូវ​ពូជ១​បេ​ ម៉ូតូ​ចាស់​១​គ្រឿង​ និង​ប្រាក់រៀល​ចំនួន​១,៥០០,០០០។​ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕