ភ្នំពេញ៖ ភ្លេងជាតិខ្មែរ និងទង់ជាតិខ្មែរ ត្រូវបានបង្ហូតខ្ពស់ជាងទង់ជាតិប្រទេសផ្សេងទៀត ដោយសារតែកីឡាការិនី កែ ឡេង បានការពារមេដាយមាសពិភពលោកជាលើកទី៣ បានសម្រេចហើយ បន្ទាប់ពីផ្ដួលកីឡាការិនីឡាវ Bivilak Thepphakan ដោយលទ្ធផល ៣៦-២២ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ លើវិញ្ញាសាវាយយកពិន្ទុ (Shooting) នារសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកានេះនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
ការប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាការិនី កែ ឡេងបានយកឈ្នះកីឡាការិនី មីយ៉ាន់ម៉ានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីព្រឹកមិញ។ អ្នកស្រី កែ ឡេងបានឈ្នះជើងឯកពិភពលោក ៣សម័យកាលជាប់គ្នារួចមកហើយសម្រាប់ការប្រកួតប៉េតង់ពិភពលោក យុវជន និងនារី ហើយនេះគឺជាជើងឯកលើកទី៤។
គួរបញ្ជាក់ថា ចំពោះការមេដាយមាសពិភពលោក អមជាមួយកំណត់ត្រាប្រវត្តិសាស្ដ្រដ៏កម្រនេះ គឺស្របពេលកម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ហើយ ៣លើកមុន ដែលអ្នកស្រី កែ ឡេង ដណ្ដើមបាន គឺកាលពីឆ្នាំ២០១៣ នៅបារាំង, ឆ្នាំ២០១៥ នៅប្រទេសថៃ និងឆ្នាំ២០១៧ នៅប្រទេសចិន៕