លួចស្វាយគេយកទៅលក់ ដល់ពេលម្ចាស់គេទាត់ ឃាត់ខ្លួនឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់...
ស៊ីហៀង
-

ខេត្តកណ្តាល៖ កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចបេះផ្លែស្វាយគេ លុះពេលយកទៅដល់ត្រូវម្ចាស់ស្វាយតាមចាប់ក្របួចជាប់ ប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមផ្លូវច្បាប់ ។

ជនរងគ្រោះជាម្ចាស់ស្វាយ មានឈ្មោះ ជ្រូ គឹមស្រ៊ី ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ។ ចំណែក ជនសង្ស័យជាចោរលួចផ្លែស្វាយ មានឈ្មោះយី បារាំង ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ។ ដកហូតផ្លែស្វាយចំនួន៣បាវ មានទម្ងន់សរុប ១៣៤គីឡូក្រាម ។  

នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឌុបកូនល្ហុងយកទៅដាំ លុះដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញជនសង្ស័យឌុប ផ្លែស្វាយចេញពីចម្ការស្វាយរបស់ខ្លួន ធ្វើព្រងើយ ។ ភ្លាមនោះជនរងគ្រោះបានជិះម៉ូតូតាមពីក្រោយ រហូតដល់កន្លែងលក់ស្វាយ ក៏ចាប់ឃាត់ខ្លួនរួចប្រគល់ទៅឲ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវ។

ក្រោយពីបានធ្វើាការសាកសួររួច សនសង្ស័យបានសារភាពថា ខ្លួនបានបេះស្វាយរបស់ជនរងគ្រោះមែន។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី៕