ភ្នំពេញ៖ កាលពីវេលាម៉ោង ៣និង៥០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៣០ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រថយន្ត្កក្រុងមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន បត់កៀរម៉ូតូមួយគ្រឿងកិនជាប់នៅខាងក្រោម សំណាងល្អមនុស្សលោតចេញទាន់ពេល ។

បើយោងតាមអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មានម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HM-3569 បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ស្រាប់តែរថយន្តក្រុងដឹកអ្នកដំណើរ របស់សាលារាជធានីភ្នំពេញ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ37 3-0126ដែលកំពុងតែធ្វើដំណើរស្របទិសគ្នានោះ បានបើកមកពីក្រោយ ហើយក៏បានបត់ស្តាំខ្វះការប្រុងប្រយ័ត្ន បានកៀរម៉ូតូបណ្តាលឲ្យរងការខូចខាត និងកិនជាប់ខាងក្រោម ចំណែកម្ចាស់ខ្ទាតមកស្តាំដៃ រងរបួសស្រាល។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងនិងពិនិត្យ ហើយក៏ឲ្យភាគីទាំង២បានធ្វើការសម្របសម្រួលដើម្បីបញ្ចប់រឿង៕


