(កែប)៖ នៅកាលពីល្ងាចមិញនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅកម្លាំងនគរបាលក្នុងខេត្តកំពត និងកែប រួមគ្នាសង្គ្រោះកម្មករដែលរងគ្រោះនៅក្រោមគំនរអគាររលំនៅក្នុងខេត្តកែប។ លោក នេត សាវឿន បានបញ្ជាឱ្យកម្លាំងផ្តោតលើសង្គ្រោះជីវិតជនរងគ្រោះជាសំខាន់។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៤៖៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ អគារមួយកន្លែងមានកម្ពស់ប្រមាណជា ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំ។ គេមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់រងគ្រោះនៅក្រោមគំនរអគារនោះនៅឡើយទេ។
យ៉ាងណាមិញ នៅមុននេះបន្តិច យោងតាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានការបញ្ជាក់ឲ្យដឹងថា៖«ខ្ញុំនឹងចេញទៅខេត្តកែបនៅពេលបន្តិចទៀតនេះ ដើម្បីចូលរួមដឹកនាំការរុករកសង្រ្គោះកម្មករ ដែលកំពុងជាប់នៅក្រោមអាគារដែលដួលរ លំ»។




