នគរបាល ខេត្តកែប ធ្វើការឃាត់ខ្លួនម្ចាស់សំណង់ អគារពីរនាក់ប្តីប្រពន្ធ នៅរសៀលនេះហើយ...
-

កែប ៖ ម្ចាស់សំណង់អគារកម្ពស់៦ជាន់ ដែលបានបាក់ស្រុត បណ្តាលឲ្យមានកម្មករស្លាប់ និងរងរបួសជាច្រើន ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកែបឃាត់ខ្លួនហើយ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ។

លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានឲ្យដឹងថាការឃាត់ខ្លួនម្ចាស់សំណង់អគារខាងលើ ដោយអនុវត្តតាមបទ បញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្តិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការសម្រមសម្រួលដោយព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តកែប។

លោកស្នងការខេត្តមានប្រសាសន៍បន្តថា ម្ចាស់សំណង់ឈ្មោះ ឯក សារុន (ប្តី) និងឈ្មោះ ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

បច្ចុប្បន្នម្ចាស់សំណង់៦ជាន់ ដែលបាក់ស្រុតខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីសាកសួរនិង កសាងសំណុំរឿងចាត់ការតាមនីតិវិធី។

រដ្ឋបាលខេត្តកែបបានឲ្យដឹងថា គិតមកដល់វេលាម៉ោង១២នឹង៤៥នាទី រសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមប្រតិបត្តិការ ជួយសង្គ្រោះបានរុករកឃើញជនរងគ្រោះនៅក្រោមគំនរអគារបាក់រលំសរុបចំនួន២៥នាក់ និងបាត់បង់ជីវិតមានចំនួន០៥នាក់។ ចំពោះជនរងគ្រោះដែលបាត់បង់ជីវិតត្រូវបានក្រុមគ្រួសារមកបំពេញឯកសារទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីចំនួន០៤សពហើយ ៕

ប្រភព៖ cambodiapolice