អាជ្ញាធរបានប្រកាសភាពអាសន្ននាពេលថ្មីៗនេះ ចាត់វិធានការទប់ស្កាត់ជម្ងឺឆ្លងបង្ករដោយវីរុសឈ្មោះថា Lassa នៅប្រទេសអាហ្វ្រិចខាងលិចមួយនេះ ដែលមានមនុស្សស្លាប់រហូតដល់ទៅ ២៩នាក់នៅខែនេះ នេះបើតាមការចុះផ្សាយរបស់សារពត៌មានរបស់កាតា Al Jazeera។

សារពត៌មានដដែលបានឱ្យដឹងទៀថា មកទល់ថ្ងៃ ២៤ ខែមករាឆ្នាំ ២០២០នេះ មានអ្នកឆ្លងជម្ងឺនេះរហូតដល់ទៅ ១៩៥ករណី និង ស្លាប់ ២៩នាក់នៅក្នុងរដ្ឋប្រមាណជា ១១ ដោយយោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺឆ្លងនីហ្សេរីយ៉ា។

មែនទែនទៅវីរុស Lassa នេះមានមកយូរមកហើយដោយគេរកឃើញនិងកំណត់អត្តសញ្ញាណបាននៅឆ្នាំ ១៩៦៩ ដែលវីរុសនេះជាវង្សត្រកូលតែមួយជាមួយនឹងវីរុស Ebola គ្រាន់តែមិនគ្រោះថ្នាក់ខ្លាំងដូច Ebola នោះទេ។

បើតាមការចុះផ្សាយពីសំណាក់សារពត៌មានដដែលបានឱ្យដឹងថា វីរុសនេះចម្លងពីមនុស្សទៅមនុស្សតាមរយៈម្ហូបអាហារ ឬវត្ថុប្រើប្រាស់ដែលមិនមានអនាម័យ ក៏ដូចជាតាមកាកសំណល់ផងដែរ ហើយជម្ងឺនេះសម្លាប់ប្រជាជនអាព្រិចអស់ជាច្រើនរយនាក់ជារៀងរាល់ឆ្នាំ។

ជម្ងឺឆ្លងមួយនេះត្រូវបានគេរាយការណ៍ថាផ្ទុះឡើងជារៀងរាល់ឆ្នាំនៅអាហ្វ្រិចខាងលិច ដោយការផ្ទុះម្ដងៗមានមនុស្សចន្លោះពី ១សែននាក់ ទៅ៣សែននាក់ឆ្លង ហើយនិងឆក់យកជីវិតមនុស្សប្រមាណជា ៥ពាន់នាក់ទៅទៀត គ្រាន់តែមិនសូវទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ៕

អត្ថបទដោយ ៖ business cambodia