តើលោកអធិការខណ្ឌ និងលោកអភិបាលខណ្ឌទួលគោកមានជ្រាបទេ ហាងកាហ្វេបង្កប់ល្បែងជល់មាន់តាមអនឡាញ នៅជាប់តារាងបាល់ទះ ក្បែរផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ដេប៉ូ៣ កំពុងបើកលេងយ៉ាងរលូន?
-

ភ្នំពេញ ៖ មានទីតាំងហាងកាហ្វេមួយកន្លែងបានបង្កប់ល្បែងជល់មាន់តាមអនឡាញ ដែលស្ថិតនៅជាប់តារាងបាល់ទះ ក្បែរផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក ហើយមិនដែលឃើញមានសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបឡើយ ដែលទង្វើនេះកំពុងតែផ្ទុយទាំងស្រុងទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលស្ដីពីភូមិឃុំមានសុវត្ថិភាព។

សូមបញ្ជាក់ថា ទីតាំងល្បែងអនឡាញភ្នាល់លុយខ្ទង់ពាន់ដុល្លាខាងលើនេះបានបង្កការរំខានដល់ប្រជាពលរដ្ឋនៅទីនោះយ៉ាងខ្លាំងព្រោះតែងតែមានសំឡេងហ៊ោកញ្ជ្រៀវពីអ្នកញៀនល្បែងទាំងនោះ ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កន្លែងភ្នាល់ល្បែងមួយនេះឃើញបើកលេងជាយូរមកហើយមិនដែលឃើញអាជ្ញាធរខណ្ឌទួលគោកឬក៏សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារដេប៉ូ៣ ចុះបង្ក្រាបសោះឡើយមិនដឹងថាមានអ្វីនៅពីក្រោយខ្នង ឬមកពីម្ចាស់ហាងកាហ្វេនេះមានខ្នងធំក្រាស់ឬក៏សែនម្ចាស់ទឹកម្ចាស់ដីរួចត្រូវអស់ហើយយ៉ាងណាបានជាបណ្ដោយឲ្យមានការបើកល្បែងស៊ីសងភ្នាល់បែបនេះគឺផ្ទុយស្រឡះនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលជាពិសេសបទបញ្ជារបស់សម្ដេចស្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានដាក់បទបញ្ជាអោយអាជ្ញាធរសមត្ថកិច្ចទាំង១៤ខណ្ឌបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមមូលដ្ឋាន ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋបានសំណូមពរដល់លោក សុខ ហេង ដែលជាអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងលោក ឯក ឃុនដឿន ដែលជាអភិបាលខណ្ឌទួលគោក អាជ្ញាធរខណ្ឌទួលគោក មេត្តាពង្រឹងឲ្យមន្ត្រីក្រោមឱវ៉ាតចុះពិនិត្យមើល ឬបង្ក្រាបល្បែងស៊ីសងខាងលើនេះផង៕