បើស្គាល់សម្តេច មិនច្បាស់កុំនិយាយ សម្តេចហ៊ានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម រឿងអី សម្តេច មិនហ៊ានទៅក្រុងវូហាន
-

សាធារណរដ្ឋកូរ៉េ ៖ រសៀលថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២០នេះ​ នៅក្នុងឱកាសនៃការអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅសាធារណរដ្ឋកូរ៉េ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងបន្តការសិក្សានៅប្រទេសកូរ៉េ។

ជាមួយគ្នានេះដែរសម្តេច សង្កត់ធ្ងន់ដូច្នេះថា«ហ៊ុន សែន ហ៊ានចូលប្រយុទ្ធក្នុងភ្លើងសង្គ្រាម ហ៊ានយកក្បាលធ្វើដើមទុន ដើម្បីសង្គ្រោះជាតិ ហ៊ានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម រឿងអី ហ៊ុន សែនមិនហ៊ានទៅក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរដែលកំពុងរៀនក្នុងទីក្រុងវូហាន»។

សម្តេចបានបន្តថា «កុំចង់សាកជាមួយ ហ៊ុន សែន ឲ្យសោះ។ បើស្គាល់ ហ៊ុន សែន មិនច្បាស់កុំនិយាយ។ ហ៊ុន សែន ទៅមែន ឲ្យតែរដ្ឋាភិបាលចិន OK។ ធ្វើឲ្យពួកហ្នឹង (អ្នករិះគន់) ដឹង ហ៊ុន សែន ម្តង»។

គួរបញ្ចាក់ផងដែរថា មាននិស្សិតខ្មែរជាង២០នាក់ ដែលកំពុងសិក្សានៅទីក្រុងវូហាន។ ប្រមុខរដ្ឋាភិបាល ប្រកាសនាពេលថ្មីៗនេះថា កម្ពុជា មិនជម្លៀសនិស្សិតឬមន្រ្តីទូតខ្មែរ ចេញពីទីក្រុងវូហាននោះទេ ដោយទុកឲ្យពួកគេ ឲ្យនៅទីនោះ ដើម្បីបង្ហាញពីការរួមសុខទុក្ខជាមួយពលរដ្ឋចិន៕