ព្រះករុណា បានព្រះរាជសម្ភពនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ព្រះអង្គជាព្រះរាជបុត្រ របស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ។ ទ្រង់ជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះនរោត្ដម សីហនុ និងព្រះមាតាព្រះនាម នរោត្ដម មុនីនាថ សីហនុ ព្រះអង្គមានព្រះអនុជមួយព្រះអង្គ ព្រះនាម នរោត្ដម នរិន្ទ្រពង្ស (សោយទិវង្គត)។

សូមរំលឹកផងដែរថា នៅកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវជ្រើសតាំងឲ្យឡើងសោយរាជ្យ ដោយសមាជិកទាំង ៩រូប នៃក្រុមប្រឹក្សារាជសម្បតិ្ត ក្រោយពីដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល នៃការដាក់រាជ្យរបស់សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបិតារបស់ព្រះអង្គ។ ការជ្រើសតាំងនេះ ទទួលបានការយល់ព្រម ពីក្រុមប្រឹក្សារាជសម្បតិ្ត ក្នុងនោះក៏មាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលកាលនោះ ជាព្រះប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះរៀមមាតាទីទៃជាមួយព្រះអង្គ ។ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងរាជសម្បត្តិនៅថ្ងៃសុក្រ ២៩ ខែតុលា ឆ្នាំ២០០៤។

ជាមួយគ្នានេះដែរបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Yongsoeng Loeung បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ដើម្បីបង្ហាញពីសេចក្តីគោរព ស្មោះស្ម័គ្រចំពោះព្រះមហាក្សត្រ កម្ពុជាគួររៀបចំតម្លើងព្រះបរមឆាយាលក្ខណ៍នៃព្រះអង្គ តុបតែងលម្អជាមួយសិល្បៈបុរាណខ្មែរ ប្រកបដោយប្រណិតភាព តាំងបង្ហាញនៅលើដងវិថីនានាក្នុងប្រទេសកម្ពុជា។ គូសវាស និងរចនាដោយ ៖ លឿង យ៉ុងសឹង្ហ ៕
