រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា បានផ្ញើលិខិតផ្លូវការរបស់ខ្លួនរួចហើយ ទៅកាន់លោក Dzulkefly Ahmad ដើម្បីទាមទារឲ្យអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ត្រួតពិនិត្យឡើងវិញ លើករណីស្ត្រីអាមេរិកម្នាក់ រកឃើញមានជំងឺ COVID-19 ក្រោយចាកចេញពីកម្ពុជា...
ស៊ីហៀង
-

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានផ្ញើលិខិតផ្លូវការរបស់ខ្លួនរួចហើយទៅកាន់ លោក Dzulkefly Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី ដើម្បីទាមទារឲ្យអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ត្រួតពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ លើករណីស្ត្រីអាមេរិកម្នាក់ ដែលប្រទេសនេះរកឃើញថាមានជំងឺ COVID-19 ក្រោយពីបានចាកចេញពីនាវាខ្នាតយក្ស Westerdam ចូលចតនៅកម្ពុជា។

ការដាក់លិខិតផ្លូវការរបស់លោក ម៉ម ប៊ុនហេង ធ្វើឡើងតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិរបស់កម្ពុជា។

ពាក់ព័ន្ធការរកឃើញរបស់ម៉ាឡេស៊ីថា មានស្ត្រីជនជាតិអាមេរិក វ័យ៨៣ឆ្នាំម្នាក់ មានឆ្លងជំងឺ COVID-19, នៅថ្ងៃទី១៦ ខែកុម្ភៈនេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ទាមទារឲ្យអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ធ្វើការត្រួតពិនិត្យឡើងវិញ។ ជាមួយគ្នានេះ ក្រុមហ៊ុន Holland American Line ដែលជាម្ចាស់នាវាទេសចរណ៍ Westerdam ក៏បានស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញអំពីលទ្ធផលនៃការធ្វើតេស្តរបស់ខ្លួនផងដែរ។

បច្ចុប្បន្នក្រសួងសុខាភិបាលកម្ពុជា ក៏កំពុងតែសកម្មក្នុងការស្រាវជ្រាវ រុករកករណីសង្ស័យបុគ្គល ដែលមានវីរុស COVID-19 ក្នុងចំណោមអ្នកទេសចរណ៍ដែលនឹងត្រូវបន្ត ដំណើរតាមជើងយន្តហោះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយអនុវត្តន៍យ៉ាងហ្មត់ចត់ តាមស្តង់ដារប្រតិបត្តិ និងនិយ័តកម្មសុខាភាពអន្តរជាតិឆ្នាំ២០០៥ របស់អង្គការសុខភាពពិភពលោក មានដូចជាការវាយតម្លៃហានិភ័យ ការត្រួតពិនិត្យកំដៅ ការធ្វើតេស្តអ្នកសង្ស័យ និងការអប់រំសុខភាព ព្រមទាំងបន្តពិភាក្សាជាមួយ អង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងអាមេរិក (USDCD) វិទ្យាស្ថានបាស្ទ័រកម្ពុជា (IPC) ជាបន្តទៀតនូវវិធានការក៏ដូចជាទិដ្ឋភាពបច្ចេកទេស ដើម្បីទប់ស្កាត់នូវការចម្លងវីរុសកូរ៉ូណាថ្មី នៅកម្ពុជា៕

ប្រភព៖ freshnewsasia