មន្រ្តីគំរូ...លោកអភិបាលស្រុកវ័យក្មេង ចុះរៀបចំសណ្តាប់ធ្នាប់ ធ្វើយ៉ាងណា ឲ្យតំបន់មួយនេះ ក្លាយតំបន់ទេសរណ៍ ដែលមានភាពទាក់ទាញបំផុត តែក៏ត្រូវមានការសហការជាមួយបងប្អូនផងដែរ ពិសេសគឺ...
ស៊ីហៀង
-

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងគណនីហ្វេសប៊ុក របស់លោកអភិបាលស្រុក វ័យក្មេង លោក ឃឹម ហ្វីណង់ បានបង្ហោះសារថា "បន្តចុះរៀបចំបង្ហើយ ផ្ទះមួយចំនួនតូចដែលបានរំលោភលើចំណីថ្នល់ ដែលបង្កការរាំងស្ទះដល់ការរៀបចំផ្លូវដើរ ចំណតរថយន្ត និងសោភ័ណភាពជារួមនៅតាមដងផ្លូវនៅក្នុងឃុំព្រះដាក់ឡើងវិញ។

ជាលទ្ធផល ប្រជាពលរដ្ឋទាំងនោះបានឯកភាពទាំងស្រុងទៅលើគោលការណ៍របស់រដ្ឋបាលស្រុក និងយល់ព្រមរំកិលថយក្រោយដោយស្ម័គ្រចិត្ត និងមិនមានការជំទាស់អ្វីទាំងអស់។ ខ្ញុំសូមអរគុណនិងសម្តែងការត្រេកអរជាមួយអ្នកព្រះដាក់ ដែលបានចាប់យកប្រយោជន៍រួមជាធំ និងបង្កលក្ខណៈងាយស្រួលដល់រដ្ឋបាលស្រុក ដើម្បីបន្តរៀបចំតំបន់នេះអោយស័ក្តិសមជាតំបន់ទេសរណ៍ដែលមានភាពទាក់ទាញមួយ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏បានចូលរួមជាមួយក្រុមការងារអាជ្ញាធរអប្សរាដែលដឹកនាំដោយឯកឧត្តម មុី ម៉ារ៉ាឌី ចុះពិនិត្យជាក់ស្តែងនិងអនុញ្ញាតជូនភ្លាមៗនៅនឹងកន្លែងទៅលើការស្នើសុំជួសជុលតូចតាចរបស់ប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់នេះបានចំនួន១០កន្លែងផងដែរ។

រដ្ឋបាលស្រុកសំណូមពរអោយប្រជាពលរដ្ឋទាំងអស់ដែលមានលំនៅដ្ឋាននៅក្នុងតំបន់អប្សរាទូទាំងស្រុកបន្ទាយស្រី ហើយមានបំណងចង់ជួសជុលតូចតាច ដាក់ពាក្យស្នើសុំមកកាន់ឃុំនីមួយៗ ជៀសវាងការជួសជុលដោយគ្មានច្បាប់អនុញ្ញាត។ រដ្ឋបាលស្រុកនឹងសំរបសំរួលជាមួយអាជ្ញាធរអប្សរាជូនភ្លាមៗ ព្រមទាំងនឹងចុះមកពិនិត្យនិងផ្តល់ការអនុញ្ញាតដល់នឹងកន្លែង មិនអោយលើសពី១សប្តាហ៍ឡើយ ដោយមិនតម្រូវអោយបង់ប្រាក់អ្វីទាំងអស់។

ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan