ខេត្តស្ទឹងត្រែង ៖ ប្រិយមិត្តជាទីមេត្រី នារីវ័យក្មេងម្នាក់ត្រូវបានប្រទះឃើញអណ្តែតនៅលើផ្ទៃទឹក ក្រោយពីបាត់ទៅក្នុងអន្លុងជម្រៅជាង២០ម៉ែត្រ នៅតំបន់រមណីយដ្ឋានកោះខេ ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង មួយយប់កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះ លី ស្រីនាត ភេទស្រី អាយុ២៤ឆ្នាំមានទីលំនៅភូមិសន្សំកុសល់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរធ្វើការនៅក្រុមហ៊ុនទេសចរណ៍។យោងតាមការឱ្យដឹងពីអភិបាលរងខេត្ត លោក ញ៉ែម សារីគ្រា បានចុះអន្តរាគមន៍ស្វែងរកជនរងគ្រោះនោះ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ លោកបានបញ្ជាក់ថា នារីដែលជាជនរងគ្រោះ រួមជាមួយគូដណ្តឹង និងមិត្តភិក្តម្នាក់ទៀត បានធ្វើដំណើររួមគ្នាមកពីភ្នំពេញទៅលេងនៅខេត្តសៀមរាប រួចបន្តមកខេត្តព្រះវិហារ ហើយបានយកមិត្តភក្តិម្នាក់សរុប៤នាក់បន្តដំណើរមកកំសាន្តខេត្តស្ទឹងត្រែង។

លោកអភិបាលរងបន្តថា បន្ទាប់ពីដល់ខេត្តស្ទឹងត្រែងនៅវេលាថ្ងៃត្រង់ ពួកគេក៏បានមកកំសាន្ត និងញ៉ាំអាហារនៅរមណីយដ្ឋានកោះខេ រួចក៏ចុះលេងទឹក និងដើរថតរូបលើខ្សាច់ក្បែរអន្លុង តែជាអកុសលពេលនោះស្រាប់តែស្រុតដីខ្សាច់ធ្លាក់ទៅក្នុងអន្លុងបាត់តែម្តង។លោកបន្តថា ក្រោយពីទទួលព័ត៌មានថា មានភ្ញៀវទេសចរណ៍ល ង់ទឹកនៅតំបន់រមណីយដ្ឋាន អាជ្ញាធររួមមានភូមិ-សង្កាត់-ក្រុង និងស្ថាប័នមន្ទីរពាក់ព័ន្ធ ព្រមទាំងសមត្ថកិច្ចសហគមន៍មូលដ្ឋានខិតខំស្វែងរកជនរងគ្រោះ ព្រមទាំងទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិផងដែរ។

ក្រោយពេលស្វែងរកជនរងគ្រោះមួយយប់ទល់ភ្លឺ នៅព្រឹកថ្ងៃទី២៣ កុម្ភៈនេះ អាជ្ញាធរក៏បានរកអ្នកជំនាញជុចទឹកពីទីរួមខេត្ត ដើម្បីជុចរកបន្ត លុះរហូតនៅម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៣ កុម្ភ: ទើបរកឃើញ។យោងតាមការបំភ្លឺរបស់ក្រុមគ្រួសារសាច់ញាតិថា នារីរងគ្រោះខាងលើ ទើបនឹងភ្ជាប់ពាក្យជាមួយគូដណ្តឹងកន្លងទៅថ្មីៗនេះទេ ហើយពួកគេក៏ឆ្លៀតពេលនាំគ្នាដើរកំសាន្ត តែបែរជាមកជួបគ្រោះអកុសលបែបនេះសោះ។

បន្ទាប់នារីរងគ្រោះត្រូវបានប្រទះឃើញវិញ អាជ្ញាធរខេត្តស្ទឹងត្រែង ក៏បានបញ្ជាទៅមន្ទីរសុខាភិបាលរៀបចំរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តដឹកស ពត្រឡប់ទៅភ្នំពេញឱ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប្រភព៖ សុីម ចាន់សុី